(ភ្នំពេញ)៖ ​លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងបញ្ជាក់ថា​ ខ្មែរត្រូវមានមោទនភាព ចំពោះផលិតផលរបស់ខ្លួន និងជួយគាំទ្រផលិតផលយើង ហើយលោកសាទរ បើមានអ្នកវិនិយោគណា ដែលបង្កើតផ្សារផលិតផលខែ្មរសុទ្ធ ពីព្រោះមានសក្តានុពលណាស់ ស្របពេលទេសចរណ៍ បរទេសមកកម្ពុជា ក្នុងមួយឆ្នាំៗ ពី​៤ ទៅ​៥ លាននាក់ ដែលពួកគេត្រូវការទិញផលិតផលក្នុងស្រុក ជាអនុស្សាវរីយ៍។

ការថ្លែងបែបនេះ គឺក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកម្មវិធី សិក្ខាសាលាពិគ្រោះយោបល់រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ផលលិតផលខ្មែរ ជាមួយអ្នកប្រើប្រាស់ និងអ្នកចែកចាយបន្ត ដែលមានក្រសួងពាក់ព័ន្ធ សំខាន់ៗចំនួន៤រួមមាន ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងពាណិជ្ជកម្ន, ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងទេសចរណ៌ ​នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងក្នុងន័យឆ្លើយតប នឹងកង្វល់របស់អាជីករ សិប្បករ ក៏ដូចជាអ្នកចែកចាយ និងអ្នកផលិត ទាក់ទងនឹងបញ្ហាមួយចំនួន ដូចជាបញ្ហាទីផ្សារ​-ការប្រកួតប្រជែង និងយុទ្ធនាការទិញផលិតផលខ្មែរ​ជាដើមនោះ លោកទេសរដ្ឋមន្ត្រី ​ចម ប្រសិទ្ធ បានលើកឡើង ពីនិន្នាការរីកចម្រើន​នៃសេដ្ឋកិច្ចសកលលោក និងភាពប្រកួតប្រជែងស្រួចស្រាវ នៃទីផ្សារអន្តរជាតិ។

ជាក់ស្តែងគ្រាន់តែបរិបទ នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានប្រទេសអាស៊ាន ១០ ជាសមាជិក​នោះ ការប្រកួតក្នុងតំបន់មួយនេះ មានលក្ខណៈស្រួចស្រាវ​ទៅហើយ ពីព្រោះ ដោយសារវា​មានលំហូរ ដោយសេរីនូវទំនិញ សេវា មូលធន និងកំលាំងពលកម្មជាដើម។ ដូច្នេះ​សហគ្រាស ក៏ដូចជាឧស្សាហកម្ម ក្នុងស្រុករបស់យើង ត្រូវតែព​ង្រឹង និងកែច្នៃសង្វាក់ផលិតរបស់ខ្លួន ធ្វើយ៉ាងណាឲ្យផលិតផល ឬទំនិញរបស់យើង​ផលិតចេញមក មានគុណភាព ការវេចខ្ចប់ប្រកប ដោយសោភ័ណ្ឌភាព មានស្តង់ដារ និងតម្លៃសមរម្យ ផងដែរ។

ចំណុចនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា​ កន្លងមក កម្ពុជា ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច និងការខិតខំក្នុងការធ្វើសមាហរណកម្ម របស់ខ្លួនក្នុងតំបន់ និងពិភពលោក កម្ពុជាមានសក្តានុពលខ្លាំងណាស់ តាមរយៈការទទួលបានភាព អនុគ្រោះពាណិជ្ជកម្ម ដែលអាចនាំទំនិញទៅក្រៅប្រទេសជាច្រើន ដោយមិនជាប់ពន្ធ និងកូតានាំចេញ។ ប៉ុន្តែយើងគួរស្វែងយល់ថា​ កត្តានេះយើងគ្រាន់តែ បានឆ្លងកាត់ដំណាក់កាលរបាំងពន្ធប៉ុណ្ណោះ។ ក្នុងនោះដើម្បីមានឧត្តមភាព ប្រកួតប្រជែង យើងត្រូវជំនះ​របាំងមួយទៀត គឺរបាំងមិនមែនពន្ធគយ ឬហៅថារបាំងបច្ចេកទេស ដែលទាក់ទងជាសំខាន់ ទៅលើកត្តាអនាម័យ និងភូត្តគាមអនាម័យ (SPS) និងបទដ្ឋាន​ស្តង់ដារ ជាដើម។

ទាក់ទងការងារនេះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីការខិតខំ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលលោក ក្នុងនាមជាប្រធានក្រុមប្រឹក្សា​ស្តង់ដារជាតិ បានជម្រុញឲ្យមានការខិតខំ យកស្តង់ដារម្ហូបអាហារ និងស្តង់ដារផលិតផលអន្តរជាតិ ក៏ដូចជាស្តង់ដារអាស៊ាន មកធ្វើជាស្តង់ដារជាតិ បានចំនួន ៨០៤ ស្តង់ដាររួចហើយ ដើម្បីឲ្យការផលិតទំនិញនៅកម្ពុជា អាចនាំចេញបាន ដោយមិនជាប់របាំងបច្ចេកទេស។ ទាក់ទងការបន្លំឈ្មោះ​​ប្រទេសអ្នកផលិត លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា​ បើផលិតករ សិប្បករ ឬឧស្សាហករ ចង់រក្សាផលិតផលរបស់ខ្លួនថា ពិតជាផលិតនៅកម្ពុជាពិត ប្រាកដ ត្រូវបំពេញលក្ខខ័ណ្ឌ តម្រូវមួយចំនួនដូចជា ក្រុមហ៊ុន រោងចក្រ ឬសហគ្រាសត្រូវចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម ឬក្រសួងឧស្សាហកម្ម និងសិប្បកម្ម​-សុំវិញ្ញាបនបត្រដំណើរការ និងបន្ទាប់មកត្រូវចុះបញ្ជីផលិតផល នៅវិទ្យាស្ថានស្តង់ដារកម្ពុជា ឬបិទ Bar Code ដើម្បីបញ្ជាក់ថា ផលិតផលនោះបានផលិតនៅ​កម្ពុជា​ ពិតប្រាកដ។

ទាក់ទង​នឹងផលិតផល និងទីផ្សារសូត្រ លោកបានអំពាវនាវឲ្យអ្នកផលិត​ផលិតផលចេញពីសូត្រ យកគំរូស្នាដៃរបស់ខ្លួន​មកចុះបញ្ជីការពារ និងទទួលស្គាល់​ គំនូរឧស្សាហកម្មរបស់ខ្លួន នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយក្រសួងមិនគិតតម្លៃសេវាឡើយ។ ទាក់ទងនឹងយុទ្ធនាការ ទិញផលិតផលខ្មែរ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា​ ខ្មែរត្រូវមានមោទនភាព ចំពោះផលិតផលរបស់ខ្លួន និងជួយគាំទ្រផលិតផលយើង ហើយលោកសាទរ បើមានអ្នកវិនិយោគណា ដែលបង្កើតផ្សារផលិតផលខែ្មរសុទ្ធ ពីព្រោះមានសក្តានុពលណាស់ ស្របពេលទេសចរណ៍បរទេសមកកម្ពុជា ក្នុងមួយឆ្នាំៗ ពី​៤ ទៅ​៥ លាននាក់ ដែលពួកគេត្រូវការទិញផលិតផលក្នុងស្រុក ជាអនុស្សាវរីយ៍។

ជាការឆ្លើយ នឹងសំណួរទាក់ទង នឹងគំហុកនៃទំនិញក្រៅស្រុក ចូលលុកលុយទីផ្សារកម្ពុជា ទាំងទីផ្សារទំនើប និងទីផ្សារធម្មតា លោកបានបញ្ជាក់ថា ទីផ្សារសេរី យើងមិនអាចទប់ស្កាត់គេបានទេ។ យើងត្រូវអភិវឌ្ឃន៍ផលិតផលរបស់យើង ឲ្យស្របតាមស្តង់ដារ មានគុណភាពខ្ពស់ សោភ័ណ្ឌភាព និងតម្លៃអាច​ទទួលយកបាន។ បន្ទាប់មក លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងគណៈអធិបតី ដែលក្នុងនោះរួមមាន លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកតំណាងក្រសួងទេសចរណ៍ បានអញ្ជើញឈរជាសាក្សី ក្នុងពិធិចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងភាគីអ្នកផលិតផ្គត់ផ្គង់ និងអ្នកចែកចាយ៕