(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មកពីស្ថាប័នជាតិសំខាន់ៗចំនួនបួន គឺក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងទេសចរណ៍ បានជួបប្រជុំគ្នា នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ អ្នកប្រើប្រាស់ និងអ្នកចែកចាយបន្ត ដើម្បីកំណត់អំពីបញ្ហាប្រឈម និងដាក់ចេញវិធានការឆ្លើយតបនានា សំដៅលើកកម្ពស់ចង្វាក់ផលិតកម្ម និងជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលខ្មែរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលាពិគ្រោះយោបល់ និងបានស្នើដល់សហគ្រាសធុនតូច និងធម្យមទាំងអស់ ធ្វើការសម្របខ្លួនជាប្រចាំទៅនឹងលក្ខខណ្ឌថ្មីៗ ព្រមទាំងរក្សានូវឥរិយាបទបើកចំហរ និងទន់ភ្លន់ ដើម្បីទទួលបានការរីកចម្រើន នៅក្នុងទីផ្សារសកលដែលកំពុងផ្លាស់ប្តូរ។

លោករដ្ឋមន្ដ្រីបន្ដថា «កម្ពុជាបានចាប់យកយុទ្ធសាស្ត្រកំណើនថ្មី តាមរយៈការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលបានឆ្លុះបញ្ចាំង នូវមហិច្ឆិតា នៃការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក និងទាក់ទាញឧស្សាហកម្ម ដែលពឹងផ្អែកលើជំនាញកាន់តែច្រើនឡើង ស្របគ្នានឹងការធ្វើសមាហរណកម្មជាបណ្តើរៗ ទៅក្នុងខ្សែសង្វាក់តម្លៃសកល និងតំបន់ តាមរយៈការតភ្ជាប់នូវបណ្ដាញផលិតកម្មឆ្លងកាត់ព្រំដែន»។

លោកទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងអំពីការរួមចំណែកនៃវិស័យទេសចរណ៍ ក្នុងការរក្សាលំនឹងជញ្ជើងពាណិជ្ជកម្ម ចាប់ពី ២០% ដល់ ២៥% តាមរយៈការជំរុញនាំចេញនៅនឹងកន្លែង។

លោកបន្ដថា «នៅក្នុងឆ្នាំ២០១៦ កម្ពុជាបានទទួលភ្ញៀវទេសចរបរទេស៥លាននាក់ និងទេសចរក្នុងស្រុក១០លាននាក់។ វត្តមាននៃភ្ញៀវទេសចរណ៍ទាំងនេះ មិនត្រឹមតែប្រើប្រាស់ផលិតផល និងសេវាកម្មខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្រូបយកកម្លាំងពលកម្មប្រមាណ៦២ម៉ឺននាក់»។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវ៉េង សុខុន បានជំរុញផលិតករ និងប្រជាកសិករ ធ្វើការ លើកកម្ពស់បច្ចេកទេសដាំដុះ ពង្រឹងគុណភាព និងការវេចខ្ចប់ ផលិតផលកសិកម្ម សំដៅឆ្លើយតបតម្រូវការទីផ្សារ នៃប្រទេសនាំចូល ហើយបានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ ការនាំចេញវិស័យកសិកម្មបានកើនឡើងដល់ទៅជាង ៥,០០០លានដុល្លារ ប៉ុន្តែទិន្ន័យនេះ នឹងបន្តកើនឡើងថែមទៀត បើសិនកម្ពុជាអាចដោះស្រាយបញ្ហាភូតគាមអនាម័យ និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីបម្រើការផលិត និងការនាំចេញកសិផល។

ព្រមជាមួយគ្នានោះ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានស្នើដល់ម្ចាស់សហគ្រាសធុនតូច និងធុនមធ្យមទាំងអស់ ធ្វើការសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីចុះបញ្ជីឲ្យបានត្រឹមត្រូវ ដោយអនុលោមតាមស្តង់ដារជាតិ ចំនួនជាង ៨០៤ ដែលក្រសួងបានបង្កើត នៅក្នុងរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកទឹកចិត្តដល់ម្ចាស់សហគ្រាសធ្វើការគិតគូរតម្រូវការទីផ្សារក្នុងស្រុកឲ្យបានអតិបរិមា ខណៈដែលកម្ពុជានៅមានបញ្ហាប្រឈមលើផ្នែកភូតគាមអនាម័យ។

សិក្ខាសាលាពិគ្រោះយោបល់ថ្ងៃទី១៧ខែសីហា ឆ្នាំ២០១៧ ដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ក៏បានផ្តល់ឱកាស ជូនតំណាងវិស័យឯកជន រួមមាន៖ ពាណិជ្ជករ អាជីវករ សិប្បករ អ្នកនាំចេញ ម្ចាស់កសិដ្ឋាន ផ្សារទំនើប សណ្ឋាគារ និងភោជនីយដ្ឋាននានា ធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ព្រមទាំងលើកជាយោបល់ និងសំណូមពរផ្សេងៗ ជូនគណៈអធិបតីនៃអង្គសិក្ខាសាលា ដើម្បីជ្រាបជាព័ត៌មាន និងស្វែងរកដំណោះស្រាយទៅតាមការសមស្រប៕