(ភ្នំពេញ)៖ ក្រោមគម្រោងការនៃជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយចំនួន១២៤,៨៣៩ដុល្លារអាមេរិក សម្រាប់ពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារក នៅខេត្តកំពង់ចាម (ដំណាក់កាលទៅទី៣)។

ពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយរដ្ឋាភិបាលជប៉ុននេះ ដោយមានការចួលរួមពី លោក ហូរីណូអ៊ុជិ ហ៊ីជេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោក ស្រី FUKUSHIMA Namiko ប្រធានគម្រោងនៃអង្គការ PHJ ប្រចាំកម្ពុជា ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំធំស្ថានទូតជប៉ុន។

ក្នុងគម្រោងនេះ អង្គការ PHJ នឹងពង្រឹងប្រព័ន្ធថែទាំសុខភាព ដល់ស្រុកប្រតិបត្តិស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយជួយពង្រឹងការគ្រប់គ្រងនៅការិយាល័យសុខាភិបាលស្រុក ប្រតិបត្តិស្ទឹងត្រង់ និងនៅតាមមណ្ឌលសុខភាពគ្របដណ្ដប់ តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាល ដល់អ្នកស្ម័គ្រចិត្តសុខភាពតាមភូមិ និងការផ្ដល់ការអប់រំ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

លោក ហូរីណូអ៊ុជិ ហ៊ីជេហ៊ីសា ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា «ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយ ដែលបានប្រារព្ធពិធីចុះហត្ថលេខា សម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុនលើ «គម្រោងពង្រឹងប្រព័ន្ធថែទាំសុខភាពបឋមមាតា និងទារក នៅខេត្តកំពង់ចាម (ដំណាល់កាលទី៣)» ដល់អង្គការPHJ»

លោកបានបន្ថែមថា រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ជូនថវិកាប្រមាណជា ១២០,០០០ ដុល្លារអាមេរិក ដល់អង្គការ PHJ។ អង្គការPHJ នឹងពង្រឹងការគ្រប់គ្រងនៅតាមមណ្ឌលសុខភាព ផ្ដល់វគ្គបណ្ដុះបណ្ដាលដល់អ្នកស័្មគ្រចិត្តសុខភាព និងផ្ដល់ការអប់រំដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ក្នុងប្រតិបត្ដិការស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោក ហូរីណូអ៊ុជិ ហ៊ីជេហ៊ីសា បានបន្ដទៀតថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគម្រោងនេះ ប្រព័ន្ធសុខាភិបាលក្នុងតំបន់នេះ នឹងត្រូវបានពង្រឹង ហើយស្ថានភាពសុខាភាព ក៏នឹងត្រូវបានកែលម្អកាន់តែប្រសើរ។

ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា ជំនួយឧបត្ថម្ភរបស់ជប៉ុន សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ត្រូវបានផ្ដល់ជូនសម្រាប់គម្រោង អភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីផ្ដល់ប្រយោជន៍ដល់ប្រជាជន ដែលរស់នៅតាមកម្រិតមូលដ្ឋាន។ លោកថា «ខ្ញុំសង្ឃឹមថា គម្រោងនេះ នឹងជួយពង្រឹងជាបន្ដទៅទៀត នូវទំនាក់ទំនងមិត្តភាព រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។

លោក ស្រី FUKUSHIMA Namiko ប្រធានគម្រោងនៃអង្គការ PHJ បានឲ្យដឹងថា អង្គការមូលនិធិជប៉ុន PHJ ជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលកំពុងលើកកំពស់ក្នុងការអភិវឌ្ឍន៍វិស័យ សុខាភិបាលក្នុងតំបន់អាស៊ី។

លោកស្រីបន្ដថា បច្ចុប្បន្នអង្គការនាងខ្ញុំ កំពុងអនុវត្តគំរោងមួយស្ដីអំពី «ពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម សំរាប់ម្ដាយ និងទារក នៅក្នុងខេត្តកំពង់ចាម» ដោយលើកកំពស់ស្ថានភាពសុខភាពម្ដាយ និងទារកក្នុងតំបន់គោលដៅ។ លោកស្រីថា «ថ្ងៃនេះ នាងខ្ញុំសូមចុះហត្ថលេខាលើកិច្ចសន្យា សំរាប់មួយឆ្នាំជាលើកទី៣ ក្នុងគម្រោងដែលមានរយៈពេល៣ឆ្នាំ ហើយក៏ជាឆ្នាំចុងក្រោយនៃគំរោងនេះផងដែរ»។

សូមបញ្ជាក់ថា កម្មវិធីជំនួយឥតសំណង សម្រាប់របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាព របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង ២៨.៨ដុល្លារអាមេរិក ដល់គម្រោងចំនួន១០១ គម្រោងដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន។ គម្រោងនេះ គឺជាគម្រោងទី២ ដែលបានផ្ដល់ជូនដោយគ្រោងការណ៍នៃ ជំនួយនេះ នៅកម្ពុជាសម្រាប់ឆ្នាំសារពើពន្ធ
ឆ្នាំ២០១៧របស់ជប៉ុន (មេសា២០១៧ ដល់មីនា២០១៨)៕