(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បង្គាប់ឲ្យរៀបចំដង្ហែរកីឡាករពិការកម្ពុជា ជុំវិញ​រាជធានីភ្នំពេញនៅល្ងាចនេះ ដោយរៀបចំទង់ជាតិលម្អ ដើម្បីអបអរ​ដែលទទួលបានមេដាយមាសក្នុងការប្រកួត កីឡាប៉ារ៉ាឡាំពិក យុវជនជនពិការរដូវក្ដៅ នៅកូរ៉េខាងត្បូង។​

ការថ្លែងបែបនេះ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញបំពាក់មេដាយ និងជូនរង្វាន់ដល់កីឡាករ ជ័យលាភី ក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិក យុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ និងការសំណេះសំណាលជាមួយ​ ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួលរួមប្រកួតកីឡាជនពិការអាស៊ាន លើកទី៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ​នាវិមានសន្ដិភាព។ (សូមស្ដាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ការខកខានកន្លងទៅដោយសារមិនទាន់បានដង្ហែរ គឺជាការខកខានមួយ ប៉ុន្ដែវាមិនទាន់ហួសពេលទេ សុំឲ្យមានការរៀបចំដង្ហែរថ្ងៃនេះតែម្ដងទៅ ​ល្ងាចនេះយើងអាចដង្ហែរបាន ដង្ហែរកាត់ក្រុងទៅម៉ូតូប៉ុន្មានគ្រឿង ដាក់ទាំងគ្រូ ដាក់ទាំងសិស្សទៅជាមួយគ្នា នេះគេហែរ មេដាយយកមកឲ្យជាតិ...ល្ងាចនេះហែរចេញពីស្នាក់ការប៉ារ៉ាអូឡាំពិច រួចហើយកាត់មកជុំវិមានឯករាជ្យ ទៅវត្តភ្នំ ចាំចូលកន្លែងណុងវិញ (ទីស្នាក់ការ) ក៏បានដែរ»។​

ក្រៅពីការសម្ដែងនូវភាពសោកស្ដាយ ដែលខកខានមិនបានដង្ហែរពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា កាលដែរមានមេដាយពិភពលោក និងមេដាយអាស៊ី គឺឲ្យម៉ូតូអមចេញដំណើរពីព្រលានយន្ដហោះ មកកាន់ស្នាក់ការអូឡាំពិច រួចហើយចេញពីស្នាក់ការអូឡាំពិក មក​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ខណៈដែលកន្លងទៅមិនទាន់អនុវត្តស្នើគ្នា ទៅលើបញ្ហានេះទេ ដូច្នេះនៅពេលក្រោយត្រូវរំលឹកកម្រិត ម៉ូតូអមប៉ុន្មានគ្រឿង សម្រាប់អាស៊ី និងម៉ូតូអមសម្រាប់ពិភពលោក ហើយសម្រាប់ប៉ារ៉ាហ្គេម គឺមិនមានការដង្ហែរនោះទេ។​

សូមជម្រាបថា កីឡាករកម្ពុជា ដែលបានទៅប្រកួតកីឡាប៉ារ៉ាឡាំពិក យុវជនជនពិការរដូវក្ដៅ នៅសាធារណៈរដ្ឋកូរ៉េ ដែលបានទទួលមេដាយមាសនោះ គឺកីឡាករពិការ យ៉ាវ វណ្ណៈ លើវិញ្ញាសារហែល ទឹកសេរី ៥០ម៉ែត្រ៕