(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា កម្ពុជាទទួលបានការកោតសរសើរ ពីប្រធានក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ ចំពោះវឌ្ឍនភាពនៃដំណើរការឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៣ ឆ្នាំ២០២៣ នៅកម្ពុជា។

ការលើកឡើងរបស់រដ្ឋមន្រ្តី ថោង ខុន បានធ្វើឡើង ខណៈលោកបានចូលរួមក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ នៅទីក្រុងគូឡាឡាំពួរ ម៉ាឡេស៊ី អមដោយ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងពីព្រះអង្គម្ចាស់ Tunku Tan Sri Imran ប្រធានក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមប្រឹក្សា អូឡាំពិកម៉ាឡេស៊ី ដោយមានការចូលរួមពីប្រតិភូ គណៈកម្មាធិការ ជាតិអូឡាំពិកនៃប្រទេសនីមួយៗ និងតំណាងមន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ក្នុងនាមជាសមាជិកប្រតិបត្តិនៃក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council)។

លោក ថោង ខុន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រយ៉ាងពេញទំហឹង ក្នុងការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធកីឡា ពហុកីឡាដ្ឋានមរតកតេជោ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់នានា ដែលបានបញ្ចប់ ការសាងសង់ ក្នុង ដំណាក់កាលទី១រួចហើយ និងបានចាប់ផ្តើមការសាងសង់ក្នុងដំណាក់កាលទី២បន្តទៀត ពិសេស ការសាងសង់ កីឡាដ្ឋានធំ (Main Stadium) ដែលមាន ចំណុះ៥៥,០០០នាក់ ក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលនៃ សាធារណរដ្ឋ ប្រជាមានិតុចិន ដែលសំណង់នេះ នឹងអាចបញ្ចប់ នៅចុងឆ្នាំ២០២០ ឬនៅដើមឆ្នាំ២០២១។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានបញ្ជាក់ថា ដើម្បីជំរុញដំណើរការ ត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជាប្រកបដោយជោគជ័យ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម ដែលមានរចនាសម្ព័ន្ធទទួលខុសត្រូវច្បាស់លាស់។

ប៉ុន្តែទោះជាយ៉ាងណាក្តី លោក ថោង ខុន ក៏បានស្នើសុំមតិយោបល់ និងគំនិតល្អៗបន្ថែមទៀតពីបណ្តាប្រទេស សមាជិកនានាដើម្បីធ្វើឲ្យព្រឹត្តិការណ៍ នៅកម្ពុជាកាន់តែទទួលបានភាពទាក់ទាញ និងប្រកបដោយភាពពេញចិត្ត។

ក្នុងនាមប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ព្រះអង្គម្ចាស់ Tunku Tan Sri Imran បានកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ចំពោះការប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងបានត្រៀមលក្ខណៈយ៉ាងលឿន និងល្អប្រសើរ។

គួរបញ្ជាក់ថា អង្គប្រជុំបានអមអរសាទរក្នុងការដាក់បញ្ចូលកីឡាពីរប្រភេទទៀតក្នុង ៣៨ប្រភេទកីឡា នៅក្នុង ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នេះ គឺកីឡាទូកក្តោង Sailing និងស្គីលើទឹកកក Ice skating (កីឡាទាំងពីរនេះជាប្រភេទកីឡាអូឡាំពិក) និងបានអនុម័ត លើរបាយការណ៍លទ្ធផលនៃគណៈកម្មាធិការបច្ចេកទេស ៣គឺ គណៈកម្មាធិការច្បាប់កីឡា គណៈកម្មាធិការ វេជ្ជសាស្ត្រ គណៈកម្មាធិការស្រ្តី និងកីឡា និងបានសម្រេចបង្កើតបង្កើត Ad-hoc Committeeដើម្បីដោះស្រាយ បញ្ហាដែលកើតមាននៅមុន និងកំឡុងពេល និងក្រោយការប្រកួត។

នៅក្នុងកិច្ចប្រជុំនេះដែរ គណៈកម្មាធិការអូឡាំពិកហ្វីលីពីន និងវៀតណាម បានបញ្ជាក់ពីការ ត្រៀម ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩និងលើកទី៣១ ឆ្នាំ២០២១ ដែលបន្ទាប់ពីព្រឹត្តិការណ៍ទាំងពីរនេះ គឺកម្ពុជាជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០២៣៕