(ភ្នំពេញ)៖ ហាងបើកសេវាកម្មទទួលទិញម៉ូតូចូល និងលក់ម៉ូតូចេញគ្រប់ប្រភេទដ៏ធំមួយកន្លែងមានយីហោ និងម្ចាស់ទីតាំងឈ្មោះ «សុខ ធា» ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ៥៣៣ តាមបណ្ដោយផ្លូវបេតុង ខាងជើងផ្សារទួលសង្កែ (ហៅផ្សារសាំហាន់) ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ត្រូវកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌឫស្សីកែវ ក្រោមការសម្របសម្រួលពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះត្រួតពិនិត្យភ្លាមៗ ដោយមានការសង្ស័យ មិនមានលិខិតអនុញ្ញាតត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស «ពោលគឺសង្ស័យគ្មានអាជ្ញាប័ណ្ណ» និងសង្ស័យពាក់ព័ន្ធនឹងបទល្មើស។

មន្រ្តីសាលាខណ្ឌឬស្សីកែវ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការកាលពីល្ងាច ម្សិលមិញនេះ បានធ្វើឡើងបន្ទាប់ពី បញ្ជារបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលដាក់ផែនការអភិបាលខណ្ឌទាំង១២ ចុះឆែកឆេរ និងត្រួតពិនិត្យតាមឃ្លាំង និងហាងបញ្ចំាម៉ូតូ និងរថយន្តនៅតាម មូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួមចំណែកលុបបំបាត់ និងកាត់បន្ថយបទល្មើសនានា។

ជាមួយគ្នានេះ មន្រ្តីសាលាខណ្ឌ បានបន្តទៀតថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទៅលើទីតាំងបើកសេវាទទួលទិញម៉ូតូចូល និងលក់ម៉ូតូចេញគ្រប់ប្រភេទដ៏ធំ ដែលមានម្ចាស់ឈ្មោះ សុខ ធា ភេទប្រុស អាយុ៣៧ឆ្នាំ ខាងលើនេះ ក្រោយពីមានការឯកភាពយ៉ាងយកចិត្តទុកដាក់ពីលោកអភិបាលខណ្ឌ ជា ពិសី ដឹកនាំកម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌ ជាច្រើននាក់ ដើម្បីប្រតិបត្តិការផ្ទាល់ពីលោកអភិបាលរងខណ្ឌ ប្រាជ្ញ សីហា ក្នុងការចុះទៅត្រួតពិនិត្យភ្លាមៗ ចំពោះទីតាំងបើកសេវាកម្មទទួលទិញម៉ូតូចូល និងលក់ម៉ូតូចេញគ្រប់ប្រភេទ យីហោ «សុខ ធា» ដោយសង្ស័យពុំមានលិខិតអនុញ្ញាតត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស «ពោលសង្ស័យគ្មានអាជ្ញាប័ណ្ណ»។

បើទោះបីជាយ៉ាងណា បន្ទាប់ពីប្រតិបត្តិការត្រួតពិនិត្យក្ដៅៗ របស់កម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ខណ្ឌឫស្សីកែវ ទៅលើទីតាំងទិញចូល-លក់ម៉ូតូចេញយីហោ «សុខ ធា» ដោយសង្ស័យមិនមានលិខិតអនុញ្ញាត ត្រូវបានលោក ស៊ិន វីរៈ អះអាងថា គឺពិតជាមានច្បាប់ទម្លាប់ត្រឹមត្រូវ «មានអាជ្ញាប័ណ្ណ» និងមានការពិនិត្យផ្ទៀងផ្ទាត់ទាំងកាតគ្រី ទៅលើស្លាកលេខម៉ូតូ ឃើញថា ពិតជាត្រឹមត្រូវទាំងអស់ ក៏ពិតមែន តែមិនបានបញ្ជាក់ពីលិខិតទិញម៉ូតូចូល និងលិខិតលក់ម៉ូតូចេញនៅឡើយទេ ទើបបណ្ដាលឲ្យអ្នកសារព័ត៌មាន ជាច្រើននាក់ ដែលទៅចូលរួមថតផ្ដិតយករូបភាព នៅក្នុងហេតុការណ៍នេះ ដើម្បីយកមកផ្សព្វផ្សាយតាមអង្គភាពនីមួយៗ មានការសង្ស័យ និងបានដាក់ជាចម្ងល់ ដូចខាងលើបែបនេះ៕