(ភ្នំពេញ)៖ បន្ទាប់ពីបញ្ហាទំនាស់ព្រំដែនកម្ពុជា-ឡាវ នៅខេត្តស្ទឹងត្រែង ត្រូវបានដោះស្រាយរួចរាល់ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទៅចរចា ជាមួយនាយករដ្ឋមន្រ្តីឡាវ ដោយកងទ័ពរបស់ឡាវបានដកចេញពីទឹកដីរបស់កម្ពុជារួចហើយនាពេលថ្មីៗនេះ, នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ព្រះតេជគុណ ធឹង ច័ន្ទត្រា ​បានជួបពិភាក្សាជាមួយលោក ផៃ ស៊ីផាន រដ្ឋលេខាធិការគណៈរដ្ឋមន្រ្តី និងលោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ស្តីពីគំរោងសាងសង់វត្តមួយនៅតំបន់អូរ​អាឡៃ ព្រំដែនឡាវ​ ជាតំបន់មានជម្លោះជាមួយភាគីឡាវ ស្ថិតក្នុងស្រុកសៀមប៉ាង​ ខេត្តស្ទឹងត្រែង ដែលបានប្រសិទ្ឋនាមថា «វត្តពុទ្ធិតេជោរាម»​។ ការកសាងវត្តនេះដើម្បីជាភាពរឹងមាំ និងជាការការពារបន្ថែមទៀតនៅតំបន់ព្រំដែនខ្មែរយើង។

ព្រះតេជគុណ ធឹង ច័ន្ទត្រា មានសង្ឃដីកាប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះថា ការកសាងវត្តខ្មែរនេះ ក្នុងគោលបំណងដើម្បីជាភាពរឹងមាំ និងជាការការពារទឹកដីនៅតំបន់ព្រំដែនកម្ពុជា-ឡាវ ឲ្យកាន់តែខ្លាំង ព្រោះបច្ចុប្បន្នភាគីឡាវ គេមានវត្តមួយនៅក្នុងទឹកដីរបស់គេ ជាប់ព្រំដែនតែម្តង។ ដូច្នេះយើងត្រូវកសាងវត្តមួយដែរ ស្ថិតនៅទល់មុខដោយបែរមុខទៅព្រំដែនតែម្តង។

ព្រះតេជគុណ ធឹង ច័ន្ទត្រា មានសង្ឃដីកាបន្ថែមថា ព្រះតេជគុណមានឆន្ទះក្នុងកសាងឲ្យបានវត្តមួយ, ដោយមានបំណងកសាងវត្តនៅលើដីទំហំប្រមាណ១០ហិចតា​ នៅតំបន់ព្រំដែន ព្រមទាំងចង់ប្រែក្លាយទៅជាមណ្ឌលកំសាន្តបែបព្រះពុទ្ធសាសនា ងាយស្រួលបងប្អូនប្រជាពលរដ្ឋមកកំសាន្តនៅតំបន់ព្រំដែន, ក្រៅពីនោះមានទាំងសាលារៀនសម្រាប់កូនសិស្សរៀនសូត្រទៀតផង។

ព្រះតេជគុណ សូមអំពាវនាវដល់បងប្អូនកូនខ្មែរទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ជួយចូលរួមតាមសទ្ធាដើម្បីជួយកសាងវត្ត «ពុទ្ធិតេជោរាម» នៅតំបន់ ព្រំដែនខ្មែរ-ឡាវ។ ទូរស័ព្ទរបស់ព្រះតេជគុណលេខ៖ 015 66 88 17 ៕