(ភ្នំពេញ)៖ ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នឹងរៀបចំពិធីបើកការប្រកួតផ្លូវការ នាយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះហើយ ដោយនឹងមានការចូលរួមពីប្រតិភូ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីរាប់ពាន់នាក់ ដើម្បីអបអរមហាព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលក្នុងនោះក៏មានប្រតិភូ ថ្នាក់ដឹកនាំ និងអត្តពលិកជម្រើសជាតិកម្ពុជាផងដែរ។

ប៉ុន្ដែទោះបីពិធីបើកការប្រកួតផ្លូវការមិនទាន់ចាប់ផ្ដើមក៏ពិតមែន តែប្រភេទកីឡាមួយចំនួន បានដំណើរការប្រកួត និងរកឃើញម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធជាបណ្ដើរៗហើយដែរ ស្របពេលបច្ចុប្បន្នក្រុមអត្តពលិកម្ចាស់ផ្ទះម៉ាឡេស៊ី បាននឹងកំពុងគ្រងតំណែងកំពូលតារាងប្រទេសដណ្ដើមបានមេដាយច្រើនជាងគេបណ្ដោះអាន្ន បន្ទាប់ពីពួកគេរកបានមេដាយសរុប ១៤គ្រឿង រួមមានមេដាយមាស៧ មេដាយប្រាក់៤ និងមេដាយសំរឹទ្ធ៣ គិតត្រឹមយប់ថ្ងៃទី១៨ ខែសីហាម្សិលមិញ។

ដោយឡែកក្រុមអត្តពលិកកម្ពុជា នៅតែរក្សាមេដាយសំរឹទ្ធ ២គ្រឿងក្នុងដៃ និងឈរលេខរៀងទី១០ គ្រាដែលមេដាយសំរឹទ្ធ ២គ្រឿងនោះ ដណ្ដើមបានលើប្រភេទកីឡាសីឈីនឡូនកាលពីថ្ងៃទី១៧ ខែសីហាកន្លងទ។ តែយ៉ាងណាអត្ដពលិកកម្ពុជា ទើបប្រកួតបាន ២ប្រភេទកីឡាប៉ុណ្ណោះ ក្នុងចំណោម ២៤ប្រភេទកីឡា  ដែលកម្ពុជាបញ្ជូនទៅចូលរួម ដែល ២ប្រភេទកីឡានោះមានកីឡាសីឈីនឡូន និងក្រុមបាល់ទាត់ក្រោមអាយុ ២២ឆ្នាំកម្ពុជា ដែលបរាជ័យ ២ប្រកួតកន្លងទៅ។

ចំណែកប្រភេទកីឡាផ្សេងៗ ខ្លះបានធ្វើដំណើរទៅដល់គោលដៅប្រកួត រីឯមួយចំនួនធំទៀត ត្រូវបន្ដចេញដំណើរ រហូតដល់ថ្ងៃទី២៥ ខែសីហាខាងមុខឯណោះ៕