(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ ក្នុងឋានៈជាប្រធានគណៈបញ្ជាឯកភាពខណ្ឌ ប្រកាសទុកពេល១សប្ដាហ៍ឲ្យអ្នកលក់ និងគួកជេរថយន្ដនៅជុំវិញទីលានប្រជាធិបតេយ្យ ក្រោយស្ថានទូតអាមេរិក និងក្បែផ្សាររាត្រី ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយយករថយន្ដចេញ បើមិនដូច្នេះទេអាជ្ញាធរនឹងចាត់វិធានការ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ លោក សុខ ពេញវុធ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ប្រកាសផ្សព្វផ្សាយ​ ក៏ដូចជាជូនដំណឹងដល់ អ្នកលក់រថយន្ដទាំងអស់ នៅតំបន់​ផ្លូវ១០៨ ១០៦ ជុំវិញទីលានប្រជាធិបតេយ្យ និងក្បែរផ្សាររាត្រី ត្រូវយករថយន្ដចេញ ហើយត្រូវបញ្ឈប់សកម្មភាពលក់បែបនេះតទៅទៀត ហើយបើសិនជាក្នុងរយៈពេលកំណត់១សប្ដាហ៍ មិនបានយករថយន្ដតាមការកំណត់នោះទេ អាជ្ញាធរខណ្ឌនឹងស្ទួចរថយន្ដទៅរក្សាទុក ហើយក៏មិនទទួលខុសត្រូវចំពោះការខូចខាតនោះដែរ។

អភិបាលខណ្ឌដូនពេញបានបញ្ជាក់ថា ម្ចាស់រថយន្ដទាំងអស់នោះ ត្រូវរកកន្លែងថ្មីដើម្បីធ្វើអាជីវកម្ម ព្រោះថាកាលលក់ដូចរាល់ថ្ងៃនេះ វាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ រញែរញ៉ៃតាមដងផ្លូវ និងស្ទះចរាចរណ៍ជាដើម។

គួរបញ្ជាក់ថា ការយករថយន្ដទៅលក់នៅផ្លូវលេខ ១០៦ ១០៨ ជុំវិញទីលានប្រជាធិបតេយ្យ ក្រោយស្ថានទូតអាមេរិក ក្បែរស្ពាននាគ និងក្បែរផ្សាររាត្រីនេះ បានកើតឡើងជាយូរណាស់មកហើយ ប៉ុន្ដែមិនត្រូវបានលុបបំបាត់នោះទេ ប៉ុន្ដែលើកនេះពលរដ្ឋសង្ឃឹមថា លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នឹងដោះស្រាយបញ្ហានេះបាន។

សូមជម្រាបថា នាពេលកន្លងទៅថ្មីៗនេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាន​សម្រេចប្រគល់ទីតាំង ចាប់ពីមុខព្រះសក្យមុនីចេតីយ៍ រហូតដល់ផ្សាររាត្រី ជូនរដ្ឋបាលខណ្ឌដូនពេញគ្រប់គ្រង និងរៀបចំមិនឲ្យមានការចតលើទ្រូងផ្លូ និងចិញ្ចើមផ្លូវបន្តទៀតទេ៕