(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ មកពីទិញគ្រឿងញៀន ដើម្បីយកទៅប្រើប្រាស់ ខណៈមិនទាន់ទាំងបានទៅដល់គោលដៅ ដែលត្រូវជក់ផង ស្រាប់តែត្រូវកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារឃាត់ខ្លួនបាន២នាក់ ដកហូតបានថ្នាំញៀន១កញ្ចប់ធំ និងម៉ូតូ១គ្រឿង កាលពីម៉ោង១១៖៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខហាងនំប៉័ងមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមនាយផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ លោក ស៊ឹម សាវ៉ាត បានបញ្ជាក់ថា មុនឈានទៅដល់ការឃាត់ខ្លួនជនគ្រឿងញៀន ទាំង២នាក់ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាក SuZuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-8498 ដោយធ្វើដំណើរឆ្លងកាត់ផ្លូវជាតិ លេខ៦A ដែលជាគោលដៅឈរជើងយាមល្បាត ពួនស្ទាក់ របស់សមត្ថកិច្ចប៉ុស្ដិ៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ខណៈនោះស្រាប់តែប្រទះឃើញ ក៏មានការសង្ស័យ ទើបឈានទៅដល់ការឃាត់ ដើម្បីត្រួតពិនិត្យ និងឆែកឆេរបានរកឃើញថ្នាំញៀន១កញ្ចប់ធំ ដែលជនសង្ស័យបានរក្សាទុកនិងខ្លួន ដើម្បីយកទៅធ្វើសកម្មភាពផ្សេងៗ។

ជនសង្ស័យទី១-ឈ្មោះ ឡាយ ចិត្តា អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ទី២-ឈ្មោះ ស្រេង ពេជ្រ អាយុ៣៥ឆ្នាំ មុខរបរបើកឡាន។ ជនគ្រឿងញៀនទាំង២នាក់ ស្នាក់នៅភូមិទំពូង និងភូមិព្រែកគល់ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕