(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ និងមេបញ្ជាការរង ព្រមទាំងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ទាំងអស់ បានសម្តែងនូវអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទាំងអស់ ដែលបានយកចិត្តទុកដាក់ ព្រមទាំងបរិច្ចាគ នូវធនធានផ្ទាល់ខ្លួន ដោយឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ និងទឹកបរិសុទ្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងបានជួយឧបត្ថម្ភទូក សម្រាប់ដឹកទ័ព ឆ្លងកាត់ទន្លេសេកុង ឆ្ពោះទៅកាន់សមរភូមិព្រំដែនកម្ពុជា-ឡាវ កាលពីពេលថ្មីៗនេះ នៅពេលកម្លាំងកងពលទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ទីនោះ។

រាល់កាយវិការទាំងនេះ សបង្ហាញឲ្យឃើញ ពីមនោសញ្ចេតនា ប្រកបដោយទឹកចិត្ត អាណិតស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុតចំពោះកងទ័ព និងបានរួមចំណែកយ៉ាងធំធេង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ឧត្តមសេនីយ៍ទោ នាង ឃីម បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ទាំងអស់ គឺសូមប្តេជ្ញាចិត្ត ការពារឲ្យបានដាច់ខាត នូវបូរណភាពទឹកដី មិនអនុញ្ញាតឲ្យបរទេសណាមួយ រំលោភបំពានសូម្បីតែមួយមីល្លីម៉ែត្របានឡើយ៕