(ភ្នំពេញ)៖ ធនាគារពិភពលោក​នៅកម្ពុជា​ បានចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន​ បង្ហាញពីការទទួលស្គាល់វឌ្ឍនភាព និងដំណើររីកចម្រើន នៃវិស័យសុខាភិបាលរបស់កម្ពុជា​ ជាពិសេសការយកចិត្តទុកដាក់ លើការគាំពារសុខភាពប្រជាជន​ក្រីក្រ​ និងជនងាយរងគ្រោះដូចជាជនចាស់ជរា​ និងជនពិការជាដើម។ នេះបើតាមការចុះផ្សាយ ក្រសួងសុខាភិបាល លើ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៩ ខែសីហានេះ។

ក្រសួងសុខាភិបាលបញ្ជាក់ថា នៅក្នុងអត្ថបទរបស់ធនាគារពិភពលោក ចុះផ្សាយនៅថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០១៦​ កន្លងទៅនេះ​ បានឆ្លុះបញ្ចាំងពីការគិតគូរ អំពីអនាគតរបស់កុមារកម្ពុជា ដោយបានធ្វើឲ្យមានវឌ្ឍនភាពខ្លាំង ក្នុងការថែទាំសុខភាពរបស់ពួកគេ។ អត្រាស្លាប់របស់ម្តាយ និងកុមារបានថយចុះយ៉ាងច្រើន ហើយបច្ចុប្បន្ននេះ​ មានមន្ទីរពេទ្យមណ្ឌលសុខភាព និងប៉ុស្តិសុខភាពនៅទូទាំងប្រទេស កំពុងផ្តល់សេវាសុខាភិបាល ប្រកបដោយសមធ៌ម​ គុណធ៌ម​ ប្រសិទ្ធិភាព​ និងគុណភាពដែលប្រជាពលរដ្ឋបាន និងកំពុងប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់។

​ធនាគារពិភពលោកក៏បានលើកឡើងផងដែរថា​ ស្ថានភាពគឺពិតជាខុសប្លែកគ្នា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ នៅពេលដែលការទទួលបានសេវាសុខភាព គឺមានជួបឧបសគ្គសម្រាប់ប្រជាជនក្រីក្រ និងអ្នករស់នៅជនបទដាច់ស្រយ៉ាល។ តាមរយៈមូលនិធិសមធម៌ ប្រជាជនក្រីក្រជាង៣​លាននាក់ ដែលពេលនេះបានទទួលការពិនិត្យថែទាំ និងព្យាបាលដោយរដ្ឋជាអ្នកបង់ថ្លៃជួស​។

ការគាំពារផ្នែកសុខភាព ជូនដល់ជនក្រីក្រជនចាស់ជរាគ្មានទីពឹង​ និងជនពិការ​ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លៀសវ៉ៃរបស់ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់ដោយបាន ពង្រីកការអនុវត្តន៌គំរោងមូលនិធិសមធម៌ នៅទូទាំងប្រទេស​ និងកំពុងអនុវត្តការគាំពារសុខភាពសង្គម ជូនដល់កម្មករ​ កម្មការីនីបម្រើការងារនៅតាមរោងចក្រ​ សហគ្រាស​ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ គាំពារសុខភាពជូនដល់មន្ត្រីសាធារណ:។

ដំណើរការវិវត្តន៌ក្នុងវិស័យសុខាភិបាលនេះ​ បានបង្ហាញច្បាស់ពីសុឆន្ទ:​ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​ មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់​ ក្នុងការបំពេញភារកិច្ច​ កសាងវិស័យនេះ​ តាំងពីបាតដៃទទេររហូតមានការរីកចម្រើន ដូចបានលើកឡើងក្នុងអត្ថបទរបស់ធនាគារពិភពលោក​ ដែលព័ត៌មានលំអិតមានដូចភ្ជាប់ ជាមួយខាងក្រោមនេះស្រាប់។

ក្រសួងសុខាភិបាល​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ដល់រាជរដ្ឋាភិបាលកម្ពុជា​ ដែលបានផ្តល់លទ្ធភាព និងថវិកាដើម្បីអនុវត្តកិច្ចការដ៏លំបាកលំបិននេះ​ រហូតទទួលបានវឌ្ឍភាព និងរីកចម្រើនដូចបច្ចុប្បន្ននេះ​ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ ហើយក៏សូមអរគុណដល់ដៃគូអភិវឌ្ឍទាំងអស់ ដែលបានជួយវិស័យសុខាភិបាលកម្ពុជា​ រួមចំណែកក្នុងការធ្វើឲ្យមានភាពល្អប្រសើរ ឡើងនូវសុខភាពប្រជាជនកម្ពុជា​៕