(ភ្នំពេញ)៖ ​កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ មកដល់រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ បាន និងកំពុងបន្តនីតិវិធីយ៉ាងល្អិតល្អន់ ចំពោះជនជាតិចិនទាំង២២៥នាក់ (ស្រី២៥នាក់) ដែលត្រូវបានចុះបង្ក្រាប និងឃាត់ខ្លួនពាក់ព័ន្ធបទល្មើសល្បែងតាមប្រព័ន្ធ Internet ស្ថិតនៅខុនដូមួយកន្លែង ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ដ្រីនគរបាលនាយកដ្ឋានបានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា ដោយសារតែជនជាតិចិនមានចំនួនច្រើន ដូច្នេះកម្លាំងនគរបាលជំនាញ បាននិងកំពុងបន្តនីតិវិធី ឲ្យបានត្រឹមត្រូវ ខណៈជនជាតិចិនទាំងនេះ កំពុងស្ថិតនៅក្នុងខុនដូ ខាងលើដដែល។ សម្រាប់ជួយមើលការខុសត្រូវជនជាតិចិនទាំងនេះ កម្លាំងនគរបាលបន្ថែមរបស់ក្រសួងមហាផ្ទៃ ត្រូវបានចាត់បញ្ជូនទៅកាន់ខុនដូនេះ។

សូមជម្រាបថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧កន្លងទៅ បានបើកប្រតិបត្តិការចុះបង្ក្រាប ជនជាតិចិនមួយក្រុមមានចំនួនរហូត២២៥នាក់ ក្នុងនោះប្រុស២០០នាក់ និងស្ត្រី២៥នាក់ ដែលពាក់ព័ន្ធបទល្មើសតាមប្រព័ន្ធ Internet នៅក្នុងខុនដូមួយកន្លែង សង្កាត់បឹងកក់២ ខណ្ឌទួលគោ៕