(កំពង់ឆ្នាំង)៖ ករណីជម្លោះដីធ្លីនៅសង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ដែលបានអូសបន្លាយជាង២ឆ្នាំមកនេះ នៅមិនទាន់បានដោះស្រាយបញ្ចប់នៅឡើយទេ ដោយប្រជាពលរដ្ឋ ជាច្រើនគ្រួសារ បានខាតបង់លុយជាច្រើន លើការទៅទិញដីឡូត៍ ប៉ុន្តែជាក់ស្តែងប៉ះចំម្ចាស់ដីក្លែងក្លាយ។

យ៉ាងណាក៏ដោយ ដោយសារតែមានពាក្យបណ្តឹង និងការសុំជួយអន្តរាគមន៍ជាបន្តបន្ទាប់ ពីប្រជាពលរដ្ឋរងគ្រោះនោះ កាលពីពេលកន្លងទៅ ក្រសួងមហាផ្ទៃ បានផ្ញើលិខិតជម្រាប ជូនអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីមានចំណាត់ការលើ ទំនាស់ដីធ្លីមួយនេះ ជាពិសេសនោះគឺត្រូវណែនាំដល់អាជ្ញាធរមូលដ្ឋាន មិនត្រូវចុះហត្ថលេខាលើលិខិត ផ្ទេរសិទ្ធិផ្សេងៗទៀតឡើយ រង់ចាំចំណាត់ការពីតុលាការ។

ជាមួយគ្នានេះ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឲ្យនាំខ្លួនមេឈ្មួញដីក្លែងក្លាយ ឈ្មោះ អៀ គុយម៉ុងផងដែរ ពីបទ «លួចលក់អចនវត្ថុអ្នកដទៃ» ផងដែរ កាលពីដើមខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ។ នេះបើយោងតាមឯកសារពាក់ព័ន្ធ បូករួមទាំងដីកាបង្គាប់ឲ្យនាំខ្លួន ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួល បាននៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ។

ខណៈដែលទំនាស់ដីធ្លីដែលកំពុងស្ថិតនៅ ក្នុងចំណាត់ការរបស់ស្ថាប័នតុលាការនៅឡើយ ក្រសួងមហាផ្ទៃ ក៏បានធ្វើការណែនាំទៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ដូចតទៅ៖ ទី១-ខិតខំប្រឹងប្រែង អនុវត្តន៍ការងារ ជាគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ថ្នាក់ខេត្តឲ្យប្រសើរ ទី២-ផ្អាករាល់ការចេញលិខិតផ្សេងៗ របស់រដ្ឋបាលខេត្ត ដែលពាក់ព័ន្ធនឹងដីទំនាស់នោះ ដោយរង់ចាំចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញជាមុនសិន និងទី៣-ណែនាំកុំឲ្យអាជ្ញាធរភូមិ សង្កាត់ ក្រុង ចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិដីធ្លីដែលមានទំនាស់ ឲ្យទៅតតីយជនផ្សេងនោះឡើយ រង់ចាំចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញជាមុនសិន។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ៣៧គ្រួសារ ដែលមានសមាជិក១៤៤នាក់ រស់នៅភូមិចុងកោះ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានរងគ្រោះដោយសារទិញដីចំម្ចាស់ ក្លែងក្លាយគឺឈ្មោះ អៀង គុយម៉ុង។ ប្រជាពលរដ្ឋមួយចំនួនតូច បានលើកឡើងថា ដីដែលពួកគាត់បានទិញមិនគួរជួបរឿងបែបនេះឡើយ ខណៈពួកគាត់បានទិញដីនេះពីឈ្មោះ អៀ គុយម៉ុង ដែលគេអះអាងថា ឈ្មោះអៀ គុយម៉ុង បានទិញដីនេះពីឈ្មោះ ជៀម ហៃ និងមានក្រុមគ្រួសារសាច់ញាតិរបស់លោកជៀម ហៃ ជាង១០គ្រួសារ តែរឿងរ៉ាវពិតគឺលោក ជៀម ហៃ បានបញ្ជាក់ហើយថា គាត់មិនបានលក់ដីឲ្យទៅឈ្មោះ អៀ គុយម៉ុង ហៅក្ដាន់ នោះទេ គឺជននេះគ្រាន់តែជាតំណាងឲ្យឈ្មោះ លី ផេង ដូចមានឯកសារដែលទទួលស្គាល់ ពីអាជ្ញាធរ ភូមិ-ឃុំ។

រឿងរ៉ាវដីធ្លីនៅចំណុចចុងកោះ ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋខ្លះបានលក់ទ្រព្យសម្បត្តិ ដែលខំសន្សំជិតពាក់កណ្ដាលជីវិត និងអ្នកខ្លះទៀត ខ្ចីលុយចងការពីធនាគារ ទៅទិញដីឡូត៍នៅចំណុចខាងលើ (ក្បាលដី៥ម៉ែត្រ គុណ២៧ម៉ែត្រ) តម្លៃ៥២០០ដុល្លារ ដោយមានអាជ្ញាធរភូមិ-សង្កាត់ ដឹងឮត្រឹមត្រូវផងដែរ តែត្រូវបានគេអះអាងថា ប៉ះចំម្ចាស់ក្លែងក្លាយទៅវិញ។

នៅក្នុងសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លោក លី ផេង អះអាងថា ជាម្ចាស់ដីពិតប្រាកដទិញពីលោក ជាម ហៃ និងមានឯកសារបញ្ជាក់ត្រឹមត្រូវ ហើយបានដាក់ពាក្យបណ្តឹង ទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីជួយរកយុត្តិធម៌ចាត់ការតាមនីតិវិធី។ ប្រជាពលរដ្ឋប្រមាណជាង១០នាក់ ក្នុងចំណោម៣៧គ្រួសារ ខាងលើនេះម្នាក់ៗ បានចំណាយលុយអស់រលីងពីខ្លួន ដោយអ្នកខ្លះអស់១២,០០០ដុល្លារ និងអ្នកខ្លះទៀតអស់ជាង៣ម៉ឺនដុល្លារ ដើម្បីទិញដីដែលមានឈ្មោះ អៀ គុយម៉ុង (ហៅក្ដាន់) ពុះដាក់លក់មានទីតាំងស្ថិតនៅចំណុចចុងកោះ ភូមិទី៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។

នៅក្នុងសន្និសីទកាសែតនោះលោក លីផេង បានបញ្ជាក់ថា «ដីនេះខ្ញុំបានទិញពីឈ្មោះ ជាម ហៃ តំណាងឲ្យប្រជាពលរដ្ឋជាង១០គ្រួសារ ដែលមានទំហំដី៥ហិកតា៧០អារ។ បើ អៀ គុយម៉ុង មានឯកសារគ្រប់គ្រាន់ហើយបានទិញ ដោយស្របច្បាប់ពិតប្រាកដមែន ហេតអ្វីមិនហ៊ានចូលមកដោះស្រាយតាមផ្លូវច្បាប់ និងដើម្បីផ្តល់យុត្តិធម៌ ចំពោះប្រជាពលរដ្ឋរងគ្រោះ ដែលបានទិញដីពីខ្លួននោះ ដោយហេតុថាដីនេះ ជាដីពិតប្រាកដរបស់ខ្ញុំទេ»។

លោក លី ផេង អះអាងថា លោកបានឲ្យលុយទៅឈ្មោះ សាយ សូ យកទៅកក់ថ្លៃដីហើយឈ្មោះ សាយ សូ បានឲ្យបន្តទៅឈ្មោះ អៀ គុយម៉ុង យកប្រាក់កក់លើកទី៣ ក្នុងនាមជាតំណាងប៉ុណ្ណោះ។ លោក ជាម ហៃ និងលោក ជៀម ហាន ជាប្រជាពលរដ្ឋម្ចាស់ដីបានអះអាងថា ផ្ទៃដីសរុបមាន៥ហិកតា៧០អា ដែលមាន១០ម្ចាស់ បានលក់ឲ្យឈ្មោះ លី ផេង មែនហើយមិនបានលក់ឲ្យឈ្មោះ អៀ គុយម៉ុង (ហៅក្តាន់) នោះទេ។ ឈ្មោះ អៀ គុយម៉ុង គ្រាន់តែជាតំណាងឲ្យឈ្មោះ លី ផេង តែប៉ុណ្ណោះ។

លោក ជៀម ហៃ បានបន្តថា ពួកគាត់បានទទួលលុយកក់ពីឈ្មោះ លី ផេង លើកទី១ និងលើកទី២ ដោយឡែកលើកទី៣ ឈ្មោះ អៀ គុយម៉ុង ក្នុងនាមជាតំណាងឲ្យឈ្មោះ លី ផេង និងមានឯកសារដឹងឭ ពីអាជ្ញាធរភូមិ-សង្កាត់ត្រឹមត្រូវ។ លោក ជាម ហៃ ក៏បានបដិសេធលើឯកសារមួយច្បាប់ បន្ទាប់ពីបានដឹងថា ឈ្មោះ អៀ គុយម៉ុង រំលោភលើសេចក្ដីទុកចិត្ត និងពុះដីជាឡូត៍ៗលក់ដោយមិនប្រាប់ម្ចាស់ដីគឺឈ្មោះ លី ផេង ហើយក៏បានដាក់ពាក្យបណ្តឹងប្តឹងបដិសេធជាផ្លូវការ ទៅស្ថាប័នសមត្ថកិច្ចរួចហើយផងដែរ។

ដោយសារឈឺចិត្តច្រើនឆ្នាំមកហើយនេះ ប្រពលរដ្ឋរងគ្រោះ១៥គ្រួសាររស់នៅ ក្រុងកំពង់ឆ្នាំង ចំណាយលុយ៥ពាន់ដុល្លាដល់អ្នកណាដែលផ្ដល់ព័ត៌មានឲ្យ សមត្ថកិច្ចនាំខ្លួន អៀ គុយម៉ុង ម្ចាស់ដីក្លែងក្លាយនោះ។

កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ ឈ្មោះ អៀ គុយម៉ុង ហៅក្ដាន់ត្រូវបានលោក កោ វណ្ឌី ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចូលខ្លួនលោក អៀ គុយម៉ុង អាយុ៥៧ឆ្នាំ មុខរបរអាជីវករ រស់នៅបច្ចុប្បន្នភូមិស្វាយជ្រុំថ្មី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ពីបទ «លួចលក់អចលវត្ថុអ្នកដទៃ» ប្រព្រឹត្តទៅនៅភូមិ៧ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៥៥ នៃច្បាប់ភូមិបាល៕