(កំពង់ចាម)៖ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកជើងព្រៃ លោកម៉ា ឈឿន នៅថ្ងៃទី១៩ ខែសីហានេះ បានពង្រឹងសមត្ថភាពការងារ ដល់មន្ដ្រីមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅរកជ័យជំនះ ជូនបក្សនៅឆ្នាំ២០១៨ ខាងមុខនេះ ពិសេស​បន្ដបម្រើរាស្ដ្រ ប្រកបដោយសុខសន្ដិភាព និងការរីកចម្រើន ។

លោកម៉ា ឈឿន បានថ្លែងជំរុញបែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកបក្សស្រុក ប្រធានគណបក្សឃុំ សាខាគណបក្ស ភូមិ និងអធិការ មេប៉ុស្ដិ៍ រដ្ឋបាលឃុំ ស្រុកជើងព្រៃ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ។

លោកបន្ដថា កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង នៅតែជាបញ្ហាចម្បង ដែលត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៀត សម្រាប់បក្ស ព្រោះជាកត្តានាំមកនូវជ័យជំនះ ហើយមន្ត្រីគណបក្សគ្រប់ថ្នាក់ ត្រូវបន្តចុះជាប់ជាមួយប្រជាជន និងសមាជិកបក្ស អនុវត្តការចិញ្ចឹមចលនា ជួយក្តាប់សតិអារម្មណ៍នយោបាយ និងជួយដោះស្រាយសម្រាលការលំបាករបស់ពួកគាត់ តាមលទ្ធភាពជាក់ស្តែង និងបម្រើរាស្រ្ដ ដោយជួយដោះស្រាយការលំបាករបស់ពួកគាត់។

គួររម្លឹកថា លោកម៉ា ឈឿន និងក្រុមការងារតែងតែចុះជួយសុខទុក្ខប្រជាពលរដ្ឋ និងជួយឧបត្ថម្ភថវិកា ស្បៀង ផ្លូវថ្នល់ សាលារៀន វត្ដអារាម ជូនប្រជាពលរដ្ឋ ទាន់ពេលវេលារហូត ជាក់ស្ដែងកាលពីកន្លងទៅថ្មីនេះៗ ក៏បានចុះសួរសុខទុក្ខ និងផ្ដល់អំណោយ ដល់ពលរដ្ឋ ក្នុងភូមិឃុំរបស់ខ្លួន មើលការខុសត្រូវ នៅក្នុងឃុំររៀងផងដែរ ដោយសារភ្លើងឆេះផ្ទះ៕