(ភ្នំពេញ)៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ការិយាល័យ (ក៤) បានបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុច មុខវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យកគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនទម្ងន់៣៣៤.៤០ក្រាម។

លោកឧត្តមសេនីយ៍ត្រី ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំកម្លាំងបង្ក្រាបគ្រឿងញៀនករណីនេះ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យប្រុសមា្នក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ គីម សូយទ្រី ភេទប្រុស ហើយជនសង្ស័យនឹងត្រូវបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ។

ការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញារង គង់ សំសារ៉េត៕