(ពោធិ៍សាត់)៖ ក្នុងបេសកកម្មការងារជាលើកដំបូងរបស់ខ្លួននៅក្នុងសប្តាហ៍នេះ ក្រុមការងារ «ម៉ែកសឺដេស និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរពុះពារនូវឧបសគ្គជាច្រើន ដើម្បីឡើងទៅឃុំអូរសោម ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់​ ស្ថិតនៅលើខ្នងភ្នំសំគុស។

បេសកម្មការងារជាលើកដំបូងរបស់ខ្លួននៅក្នុងឃុំអូរសោមនេះ ក្រុមការងារ «ម៉ែកសឺដេស និងកំណប់អាថ៌កំបាំង» បានរកឃើញនូវសក្តានុពលទាំងផ្នែកកសិកម្ម និងទេសចរណ៍នៅក្នុងតំបន់នេះ ជាពិសេសបានរកឃើញថា រុក្ខជាតិក្រវាញ និងដង្កោ ដែលដុះនៅលើភ្នំនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីពលរដ្ឋចិន កូរ៉េ និងវៀតណាមផងដែរ ខណៈប្រជាពលរដ្ឋខ្មែរភាគច្រើនបំផុតមិនទាន់ស្គាល់ មិនទាន់បានបរិភោគ និងមិនទាន់បានដឹងពីសារៈប្រយោជន៍របស់រុក្ខជាតិទាំងពីរប្រភេទនេះ។

លោក នួន លីម ប្រជាពលរដ្ឋអ្នករស់នៅឃុំអូរសោម ហើយក៏ជាមន្រ្តីទេសចរណ៍មួយរូបប្រចាំតំបន់នេះ បានប្រាប់ក្រុមការងារ «ម៉ែកសឺដេស និងកំណប់អាថ៌កំបាំង»ថា ក្រវាញ និងដង្កោ ជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចជង និងជនជាតិពណ៌ នៅខេត្តពោធិ៍សាត់។

ក្រវាញមានរសជាតិហឹរដូចជាខ្ញី និងខ្ទឹមបារាំងដែរ។ បើតាមលោក នួន លីម ដើមក្រវាញ ត្រូវគេយកវាទៅធ្វើជាបន្លែ ដូចជាឆាជាមួយសាច់ ស្ងោរជ្រក់ អន្លក់ផ្ទាប់ជាមួយប្រហុក ផ្អក ម៉ាំជាដើម និងអាចធ្វើជាគ្រឿងទេសផ្សំក្នុងម្ហូបអាហារ ឬប្រើសម្រាប់បន្ថែមរសជាតិក្នុងទឹកស៊ុបផងដែរ ដែលមានរស់ជាតិហឺរឆ្ងាញ់ ប្លែកពីបន្លែផ្សេងៗដែលប្រជាពលរដ្ឋទូទៅធ្លាប់ស្គាល់។ លើសពីនេះទៀតគ្រាប់របស់ក្រវាញ ស្លឹក និងដើមរបស់វា ក៏អាចយកទៅឆុងទឹកផឹកបានផងដែរ។

ដោយឡែកដង្កោវិញ គេមិនអាចយកដើមវាទៅផ្សំធ្វើជាម្ហូបអាហារដូចក្រវាញបាននោះទេ តែគេអាចយកគ្រាប់វាទៅឆុងទឹក ឬ លាយជាមួយស៊ុបបាន។

លោក នួន លីម បានអះអាងថា ក្រវាញ និងដង្កោ មានគុណសម្បត្តិច្រើនសម្រាប់សុខភាព ដូចជាជួយឲ្យដើរខ្យល់ស្រួល និងបំបាត់ក្លិនមាត់ជាដើម។ មិនតែប៉ុណ្ណោះក្រវាញនេះ អាចយកធ្វើជាឱសថសម្រាប់ស្រ្តីទើបឆ្លងទន្លេ និងសម្រាប់បំបាត់គ្រុនក្តៅបានថែមទៀតផង។

លោក នួន លីម ថា ក្រវាញ និងដង្កោ មានតែនៅតំបន់ភ្នំក្រវាញតែមួយគត់ ពិសេសគឺតំបន់អូរសោមនេះតែម្ដង ពោលមិនមានដុះនៅប្រទេសផ្សេងឡើយ ដូចគេតែងនិយាយថា ភ្នំក្រវាញ ជាសំបុករុក្ខជាតិជាច្រើនលានប្រភេទ។

បើតាម លោក នួន លីម ព្រោះតែដឹងពីគុណប្រយោជន៍របស់ក្រវាញ និងដង្កោ បច្ចុប្បន្នពលរដ្ឋចិន កូរ៉េ និងវៀតណាម កំពុងដើរប្រមូលទិញផ្លែក្រវាញ និងដង្កោ ពីប្រជាពលរដ្ឋនៅក្នុងឃុំអូរសោមនេះ សម្រាប់យកទៅផ្សំធ្វើជាឱសថ សម្រាប់ឆុងទឹកផឹក និងយកទៅលាយជាមួយស៊ុបជាដើម។

ខណៈក្រុមការងារកំពុងតែផ្តិតយករូបភាព និងវីដេអូពីដើមក្រវាញ និងដង្កោ ជាមួយការរៀបរាប់របស់លោក នួន លីម នោះ ពលរដ្ឋជនជាតិដើមអាយុ ៣២ឆ្នាំម្នាក់ មានឈ្មោះ រ៉ូប៉ា បានរុកចេញពីក្នុងព្រៃដង្កោដ៏ស្តុកជាមួយការ៉ុងពាក់លើខ្លួនមុខក្រោយ ដែលផ្ទុកទៅដោយផ្លែដង្កោ។ លោក រ៉ប៉ា ក៏បានប្រាប់ក្រុមការងារជាមួយទឹកមុខភ្ញាក់ផ្អើលថា លោកទើបចេញពីក្នុងព្រៃដង្កោដ៏ស្អេកស្កះ ដើម្បីដើរបេះផ្លែដង្កោយកទៅលក់ឲ្យឈ្មួញ ដែលចាំទិញវានៅផ្ទះ។

ជាមួយអាការៈហេវហត់ ស្របពេលដល់ម៉ោងបាយផង លោក រ៉ូប៉ា បានឲ្យដឹងថា ការចូលរុករកបះផ្លែដង្កោនេះ ជួនកាលរកពីព្រឹកដល់ពេលល្ងាច ជួនកាលចេញបេះពីព្រឹក ដល់ម៉ោងបាយថ្ងៃត្រង់ទើបត្រលប់មកបាយនៅផ្ទះវិញក៏មាន ចំណែកការលក់ផ្លែដង្កោនេះទៀតសោត គឺលក់ក្នុងមួយគីឡូក្រាម ៣,០០០ ទៅ ៣,៥០០រៀល ដែលមួយថ្ងៃៗលោករកបានពី ១០គីឡូក្រាមឡើងទៅ។

លោក នួន លីម បានឲ្យដឹងដែរថា ផ្លែក្រវាញ និងដង្កោ ប្រមូលបានច្រើននៅអំឡុងខែសីហា កញ្ញា តុលា និងវិច្ឆិកា ពោលគឺរដូវធ្លាក់ភ្លៀងតែម្ដង។

លោក លីម ក៏បានទទូចឲ្យប្រជាពលរដ្ឋខ្មែរងាកមកបរិភោគក្រវាញ ក៏ដូចជាដង្កោឲ្យបានច្រើន ព្រោះវាមានសារប្រយោជន៍សម្រាប់សុខភាព ហើយលោកក៏ស្វាគមន៍ផងដែរ ប្រសិនបើភោជនីយដ្ឋាននានាចង់បានក្រវាញយកទៅធ្វើម្ហូបអាហារបម្រើឈ្មួញ ព្រោះវាបានបង្ហាញពីអត្តសញ្ញាណរុក្ខជាតិនៅក្នុងខេត្តពោធិ៍សាត់។

លោក បានបញ្ជាក់ថា «ជាគោលដៅ ទាំងអាជ្ញាធរ ប្រជាពលរដ្ឋ ក៏ដូចជារូបខ្ញុំផ្ទាល់ គឺសុទ្ធតែចង់ឲ្យទីផ្សារក្នុងស្រុកមានតម្រូវការកើនឡើង ដើម្បីឲ្យប្រជាពលរដ្ឋក្រៅតំបន់កាន់តែស្គាល់ច្បាស់អំពីក្រវាញ និងដង្កោនេះ និងដើម្បីជួយឲ្យជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានក្នុងតំបន់ កាន់តែមានភាពធូរធាជាងមុន»