(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ បានចេញសេចក្ដី ជូនដំណឹងជាផ្លូវការ ពីការអនុញ្ញាតឲ្យកម្មករ-កម្មការិនីទាំងអស់គ្នា ជិះរថយន្តក្រុងគ្រប់ខ្សែដោយឥតគិតថ្លៃ របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រយៈពេល២ឆ្នាំ គិតចាប់ពីថ្ងៃទី២០ ខែសីហានេះ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដោយគ្រាន់តែបង្ហាញកាតធ្វើការងារ នឹងទទួលបានសេវានេះភ្លាមៗ។

ជាមួយនឹងការបញ្ជាក់ អំពីការផ្តល់សេវាជិះរថយន្តក្រុង ដោយឥតគិតថ្លៃនេះ រដ្ឋបាលរាជធានីភ្នំបេញ ក៏បានបង្ហាញពីតម្រាយខ្សែរត់ថ្មី ដែលជាផ្លូវ មានកម្មករ-កម្មការិនី ធ្វើដំណើរច្រើនផងដែរ។

សេចក្ដីជូនដំណឹងនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសឲ្យកម្មករ-កម្មការិនី ជិះឡានក្រុងសាធារណៈ ដោយឥតគិតថ្លៃរយៈ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

ការប្រកាសនេះ ក៏ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ៤,២៧០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះផងដែរ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ រៀបរាប់ពីការអនុញ្ញាត និងខ្សែរត់ថ្មីដែលនឹងត្រូវរៀបចំនាពេលខាងមុខ៖