(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ ប្រធាន អនុប្រធាន​មណ្ឌលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ដឹកនាំ​កិច្ច​ប្រជុំ​ណែនាំ​ ពី​តួនាទី​ភារកិច្ច បទប្បញ្ញត្តិ​នានា​ក្នុង​ការ​ប្រឡង និង​ចែក​ប័ណ្ណ​សម្គាល់ ដល់​គណៈកម្មការ​កណ្ដាល គណៈកម្មការ​អប្បមាទ គណៈកម្មការ​អនុរក្ស និង​គណៈកម្មការ​សន្តិសុខ ​មណ្ឌល​សំណេរ ដោយ​មាន​ការ​ចូលរួម​ ពី​គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស មន្ត្រី​សង្កេតការណ៍​នៃ​អង្គភាព​ប្រឆាំង​ អំពើ​ពុក​រលួយ​ប្រចាំ​មណ្ឌល និង​អាជ្ញាធរ​ដែនដី​ទទួល​ផែន​សន្តិសុខ​និង​សណ្ដាប់​ធ្នាប់។

បើតាមក្រសួងអប់រំ កិច្ច​ប្រជុំ​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​គោល​បំណង​ណែនាំ​ អំពី​បទប្បញ្ញត្តិ​នានា​នៃ​ការ​ប្រឡង ជា​ពិសេស​មិន​អនុញ្ញាត​ឱ្យ​បេក្ខជន និង​គណៈមេប្រយោគ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ នៅ​ក្នុង​មណ្ឌល​សំណេរ និង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ដំណើរ​កា រ​សំណេរ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និង​បំពេញវិជ្ជា​សម័យ​ប្រឡង ៖ ២១ សីហា ២០១៧ ខាងមុខនឹង​ប្រព្រឹត្ត​ទៅ​ដោយ គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន។

សូមជម្រាបថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ០២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២១-២២ ខែ​សីហា ឆ្នាំ​២០១៧ មាន​បេក្ខជន​សរុប​ចំនួន ១០១,៤១០ នាក់ (ស្រី ៥០,០៤៩ នាក់) ដោយ​ចែក​ចេញ​​ជា​ ១៧៨ មណ្ឌល​សំណេរ ត្រូវ​ជា ៤,០៩៣ ​បន្ទប់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យា​សាស្ត្រ​សង្គម៕