(ភ្នំពេញ)៖ ក្នុងបទភ្លេងជាតិ «នគររាជ» ដែលនិពន្ធដោយសម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបានរៀបរាប់ថា«ប្រាសាទសិលា កំបំាងកណ្ដាលព្រៃ គួរឲ្យស្រម័យ នឹកដល់យសសក្ដិ៍មហា-នគរ ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អរឹងប៉ឹងជំ-ហរ យើងសង្ឃឹមពរ ភ័ព្ទព្រេងសំណាងរបស់កម្ពុជា មហារដ្ឋកើតមាន យូរអង្វែងយើង»។ តើសេចក្ដីក្នុងការរៀបរាប់ខាងលើនេះ បង្កប់នូវអត្ថន័យយ៉ាងណា?

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ និងជាអ្នកនិពន្ធសៀវភៅស្ដីពីប្រវត្ដិ ទង់ជាតិ ភ្លេងជាតិ នគររាជ លោករត្ន័ សណ្ដាប់ បានថ្លែងថា បើយោងតាមខ្លឹមសារនិងអត្ថន័យក្នុងបទនគររាជ ខាងលើគឺសម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គបានបំផុស និងបង្កប់នូវអត្ថន័យពីរយ៉ាងជាអាទិ៍៖
ទីមួយ៖ ន័យត្រង់(អត្ថានុរូប) គឺទ្រង់ បណ្ដុះ បំផុស រំលឹក ចំពោះស្មារតីយើងជាកុលបុត្រ កុលធិតាខ្មែរឲ្យភ្ញាក់រលឹកដោយទ្រង់ បានទាញយកភស្ដុតាងដ៏ជាក់ច្បាស់មកបង្ហាញឲ្យឃើញអំពីប្រាសាទបុរាណយ៉ាងច្រើនព្រោងព្រាត ពាសពេញលើទឹកដីខ្មែរ មានប្រាសាទអង្គរវត្ដ បាយ័ន្ដ តាព្រហ្ម ជាដើម មកជាសក្ខីភាព នៃសេចក្ដីចម្រើនរុងរឿងថ្កុំថ្កើងរបស់ខ្មែរក្នុងអតីតកាល ក្នុងកាលវេលាដ៏យូរកន្លងមកនោះ រហូតបន្ដមក, បរមរាជវំាង, សាកលវិទ្យាល័យ, បណ្ណាល័យ, វិទ្យាល័យ, ឱសថាល័យ, សាលសន្និសីទ, រតនាគារ, មហាបន្ទាយ, សារមន្ទីរ និងក្រសួងត្បូងការផ្សេងៗ...បានត្រូវរុក្ខាលតាវល្លិដុះព័ទ្ធបិទបំាងងងឹតស្លុបគ្រប់ទីកន្លែង។ ក្នុងនោះ រុក្ខាលតាវល្លិ៍ ថែមទំាងចាក់ឫសជ្រែកចូល ទៅក្នុងប្រាសាទសិលា ឬដុះពីលើដូចជាចង់បំផ្លាញ គាស់រំលាយរំលើងកិច្ចការស្នាដៃបុព្វបុរសខ្មែរ ឲ្យដួលរលំវិនាសទៅ ដើម្បីឲ្យប្រាង្គប្រាសាទលិបបាត់កណ្ដាលទ្រូងព្រៃ ក្លាយជាលំនៅ នៃសត្វចតុប្បាទទ្វេបាទ ដើម្បីឲ្យលែងជារមណីដ្ឋាន និងជាមន្ទីរត្បូងការដូចកាលពីអតីតកាល តទៅទៀត។

ក្នុងន័យនេះ បើទោះជាស្ថិតក្នុងសភាពយ៉ាងនេះក្ដី ក៏ភាពរឹងប៉ឹងនិងខ្លំាងពូកែរបស់ថ្ម ក៏បានទ្រំាទ្រទប់ជំហរ ពីការរុករានទន្រ្ទានជិះជាន់ នៃរុក្ខជាតិទំាងទ្បាយ ដោយមិនឲ្យរលាយពាយរលត់ បាត់ស្រមោលនោះទ្បើយ ។នេះ គឺគ្រាន់តែប្រាសាទសិលាសម្របក្នុងព្រៃ ដើម្បីបំាងកណ្ដាលព្រៃ តែប៉ុណ្ណោះ។

ទីពីរ៖ ន័យធៀប(អត្ថប្បដិរូប) ប្រាង្គសិលាបានន័យថាប្រទេសកម្ពុជា បានត្រូវរុក្ខជាតិ គឺប្រទេសជិតខាង ចាក់ឬសរុករានទន្រ្ទានទីស៊ីទឹកដីអស់ជាច្រើនកន្លែងណាស់ ព្រមទំាងគ្របដណ្ដប់អំណាចពីលើ ធ្វើទុក្ខបុកម្នេញមិនឈប់ឈរ ផងដែរ។

បានសេចក្ដីថា ប្រទេសកម្ពុជាសឹងរលាយរូបបាត់ពីប្រវត្ដិសាស្រ្ដពិភពលោក គឺដោយសារការគៀបសង្កត់ពីមហាអំណាចទំាងតូច ទំាងធំ គឺសុទ្ធតែជារុក្ខាលតាវល្លិ៍គ្របសង្កត់រឹតសង្កិនកម្ពុជា ដោយបំាងមិនឲ្យមើលឃើញ កណ្ដាលផ្ទៃរាបអន្ដរជាតិនេះឯង។
ហេតុនេះ យសសក្ដិ៍ថ្នាក់ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដម នៃប្រទេសកម្ពុជា ដែលធ្លាប់ជាមហាអំណាច ក៏ដូចជាប្រាសាទសិលា ដែលធ្លាប់ជារមណីដ្ឋាន បានត្រូវអន់ខ្សោយថយចុះរោយរុះអានុភាពដ៏គួរឲ្យខ្លោចផ្សាជាទីបំផុត។ ត្រង់នេះហើយ ដែលសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាម្ចាស់ទ្រង់និពន្ធនោះ។

លោក រត្ន័ សណ្ដាប់ បន្ដថា ស្ថិតក្នុងន័យនេះផងដែរ សម្ដេចសង្ឃរាជ ជួន ណាត ជាអម្ចាស់ គឺទ្រង់ មិនមែនគ្រាន់តែនំាចិត្ដថ្លើមយើងឲ្យនឹកស្រម័យអាល័យអាទ្បោះចំពោះអតីតកាលដ៏រុងរឿងរបស់ខ្មែរប៉ុណ្ណោះទេ។ ប៉ុន្ដែព្រះអង្គ ក៏បានបំផុសបណ្ដុះស្មារតីសេចក្ដីសង្ឃឹម ឲ្យកើតមានក្នុងចិត្ដថ្លើមខេមរជន ផងដែរ ពិសេសទ្រង់បានរំលេចថា «គង់មានថ្ងៃណាមួយភ័ព្ទព្រេងសំណាងពីអតីតកាល និងវិលត្រទ្បប់មករកខ្មែរវិញ» ជាពុំខាន។

បើហេតុនេះ ខ្មែរមិនរលំរលាយរលត់បាត់សូន្យទេ។ ជាតិខ្មែរនៅជាខ្មែរយ៉ាងរឹងប៉ឹងនៅទ្បើយ ។ ទោះបីជាខ្មែរ ត្រូវជួបគ្រោះថ្នាក់ក្នុងពេលខ្លះយ៉ាងណាក្ដី ក៏ចិត្ដខ្មែរនៅជាខ្មែរ ចិត្ដខ្មែរមិនព្រមចំណុះនរណាជាដាច់ខាត តែឱកាសមិនទាន់ហុចឲ្យក៏សម្ងំទ្រំាខំាមាត់សង្កត់ចិត្ដសិនតែប៉ុណ្ណោះ។

ជាក់ស្ដែង សេចក្ដីរៀបរាប់ក្នុងបទ«នគររាជ» ដែលសម្ដេចព្រះសង្ឃរាជទ្រង់និពន្ធ ពិតជាបានព្យាករណ៍ទុកយ៉ាងត្រឹមត្រូវជាទីបំផុត គឺត្រឹមរយៈពេល១២ឆ្នាំ(១៩៤១ដល់១៩៥៣) ប៉ុណ្ណោះ សម្ដេចឪ(ព្រះបរមរតនកោដ្ឋ)ព្រះអង្គ បានទាមទារឯករាជ្យយ៉ាងពិតប្រាកដពីបារំាងសែស ពិសេសក្នុងបច្ចុប្បន្ននេះ ជាព្រះរាជាណាចក្រម្ពុជាទី២ ស្ថិតក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន គឺប្រាសាទសិលា មិនស្ថិតកំបំាងកណ្ដាលព្រៃទៀតទ្បើយ ពិភពលោក គេស្គាល់ប្រទេសកម្ពុជាយ៉ាងខ្ទរខ្ទារ អាស្រ័យការស្រម័យអាល័យដល់«យសសក្ដិ៍មហានគរ»នេះឯង ។

ចំពោះប្រាង្គប្រាសាទថ្មីៗ ពោលគឺសាលារៀន មន្ទីរពេទ្យ អាគារតូច ធំ ផ្លូវ ស្ពាន ស្ពានអាកាស ប្រព័ន្ធធារាសាស្រ្ដខ្វាត់ខ្វែង បានកើតទ្បើងយ៉ាងព្រោងព្រាតពាសពេញផ្ទៃប្រទេស កំពុងមានសន្ទុះយ៉ាងលឿនទៅមុខ។នេះមានន័យថា«ភ័ព្ទព្រេងសំណាងយសសក្ដិ៍មហានគរ» បានវិលត្រទ្បប់មកខ្មែរវិញ គឺសម័យសម្ដេចតេជោ ហ៊ុន សែននេះឯង។

ជាចុងបញ្ចប់លោក បានបញ្ជាក់ថាបទនគររាជ ជាបទភ្លេងជាតិ ពិតជាបង្កប់នូវអត្ថន័យយ៉ាងវិសេសវិសាលណាស់ និងបានជ្រួលជ្រាបយ៉ាងជ្រាលជ្រៅជាទីបំផុត ទៅក្នុងក្រអៅដួងចិត្ដកុលបុត្រ កុលធិតាខ្មែរគ្រប់ៗជំនាន់ ឲ្យរំភើបញាប់ញ័រ រហូតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ទៀតផង។ បើដូចនេះ  សូមឲ្យបទនគររាជ ស្ថិតក្នុងទឹកចិត្ដបេះដូងខ្មែរគ្រប់ៗរូបតរៀងទៅ៕