(កំពង់ធំ)៖ ដោយមានជំនឿក្នុងវិស័យព្រះពុទ្ធសាសនា និងការដឹងគុណូបការៈរបស់អ្នកមានគុណ ដែលបានផ្តល់ជីវិតដ៏ល្អប្រសើរ ព្រមទាំងមានការចិញ្ចឹមបីបាច់ថែរក្សា ដោយមិនគិតភាពលំបាកនឿយហត់នោះ លោក ជីវ កេង អនុប្រធានតុលាការកំពូល និងជាសហប្រធានអធិការកិច្ច នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងលោកស្រី ឆាយ ស៊ីណា ជាភរិយា នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ បានធ្វើពិធីបំបួសនាគកូនប្រុសពៅម្នាក់ឈ្មោះ កេង សុម៉ារ័ត្ន ជាសាមណេរ នៅវត្តឥន្ទ្រីសំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងទីរួមខេត្តកំពង់ធំ ដោយបានប្រគេនបច្ច័យមួយចំនួនផងដែរ។

ពិធីបំបួសនាគខាងលើនេះ ត្រូវបានរៀបចំឡើងដោយព្រះទេពសត្ថា សៀង សុខ ព្រះមេគុណខេត្តកំពង់ធំ និងព្រះសង្ឃជាច្រើនព្រះអង្គ ហើយក៏មានការបំបួសកូនប្រុសរបស់លោក សុខ ឡេនីន និងលោកស្រី សួន ចន្តាមុន្នី ដែលមានឈ្មោះ សុខ បញ្ញាវឌ្ឍន៍ បំបួសជាសាមណេរសងគុណឪពុកម្តាយផងដែរ ក្នុងគោលបំណងរំឭកពុទ្ធបរិស័ទឲ្យយល់ច្បាស់ពីអត្ថន័យ និងប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ព្រមទាំងជាគម្រូដ៏ល្អដល់ប្រជាពលរដ្ឋ ដែលមានជំនឿលើព្រះពុទ្ធសាសនា។

ម្យ៉ាងទៀត ការប្រារព្ធកម្មវិធីនេះមាន​​​​​​​​​​​​​​​២ដំណាក់កាល រួមមាន៖

១៖ ឳពុកម្តាយ រួមទាំងសាមីខ្លួនដែលស្ម័គ្រចិត្តសាងផ្នួសនោះ ត្រូវធ្វើដំណើរមកកាន់វត្តឤរាម បន្ទាប់មកទើបចាប់ផ្តើមពិធីកោរសក់ រួចទៅងូតទឹកជម្រះកាយ ហើយបំពាក់ចីពរទៅលើបុរសនោះ ដែលគេច្រើនហៅថា «នាគ ឬកូននាគ» បន្ទាប់មកទៀត ធ្វើពិធីសូត្រមន្ត ព្រមទាំងរៀបចំគ្រឿងរណ្តាប់គ្រឿងសក្ការបូជាតាមទំនៀមទម្លាប់។

២៖ ពុទ្ធបរិស័ទនាំគ្នាហែហមដង្ហែកូននាគចំនួន៣ជុំ ដើមពោធិព្រឹក ដោយប្រើសត្វសេះជាយានជំនិះរបស់នាគ រីឯអ្នកចូលរួមដង្ហែវិញ ត្រូវដោះស្បែកជើងតាមទំនៀមទម្លាប់ប្រពៃណី ក្នុងន័យជាភស្តុតាងតំណាងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។ បន្ទាប់មក អ្នកបួសត្រូវចាប់ផ្តើមរៀនធម៌រំងាប់អារម្មណ៍ កិលេសទាំងឡាយ ដើម្បីលាងបាបកម្មដែលបានធ្វើកន្លងមក។

ក្នុងពិធីនោះដែរ លោក ជីវ កេង និងលោកស្រី បានប្រគេននូវបច្ច័យកសាងវត្តចំនួន ១២,០០០,០០០រៀល និងប្រគេនបច្ច័យសម្រាប់ព្រះសង្ឃចំនួន ១៦១អង្គ និងពុទ្ធបរិស័ទចំនួន ៨,០០០,០០០រៀលផងដែរ៕