(ភ្នំពេញ)៖ នៅចាំបានទេកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មានព័ត៌មានជាច្រើនបានចុះផ្សាយថា មិនដឹងសមត្ថកិច្ចខាងណាទេ ទារលុយកន្លែងដាក់ ហ្គេមមិនបាន ដកកាំភ្លើងបាញ់ត្រូវស្ត្រីពោះធំម្នាក់ដើរតាមផ្លូវបណ្តាលឲ្យធ្លាយពោះទាំងកណ្តាលអាធ្រាត របួសចូលមន្ទីរពេទ្យ ឥឡូវត្រូវបានទម្លាយរឿងពិតហើយ។

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យម្នាក់ដែលពាក់ព័ន្ធករណីបាញ់ស្ត្រី ធ្លាយពោះ ខាងលើជូនដល់សាធារណៈជន ដែលទន្ទឹងរង់ចាំការស្រាយនូវចម្ងល់នេះ អស់ពេលមួយសប្តាហ៍មកហើយ។

តាមលើកឡើងរបស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងថា ប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបាននៅពេលនេះ គឺធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ដំបូងឡើយ ក្រោយពេលកើតហេតុនៅវេលាម៉ោង០២៖៣០នាទីរំលោងអាធ្រាតឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មានករណីផ្ទុះអាវុធនៅចំណុច ផ្លូវរថភ្លើង ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បណ្តាលឲ្យរបួសស្ត្រីម្នាក់ ដែលដំបូងឡើយព័ត៌មានផ្សាយថា គាត់ជាស្ត្រីមានផ្ទៃពោះ តែការពិតគឺមិនមានទេ ព្រោះគាត់ជាស្ត្រីមេម៉ាយកូន២ ហើយជនសង្ស័យត្រូវបានគេចោទប្រកាន់ថាជាកម្លាំងមានសមត្ថកិច្ច។ ភ្លាមៗនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានយកចិត្តទុកដាក់តាមដាន និងដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់កម្លាំងអាវុធហត្ថពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណា តាមចាប់ជនដៃដល់ឲ្យខាងតែបាន។

បន្ទាប់មក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានសហការណ៍ជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋានយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមប្រម៉ាញ់ជនសង្ស័យប្រកិតៗក្នុងរាជធានីភ្នំពេញ រហូតដល់ជនសង្ស័យរត់គេចទៅសម្ងំលាក់ខ្លួនតាមបណ្តាខេត្តវិញ។ លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងស្នងការដ្ឋានយុត្តធម៌ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវកំណត់មុខ សញ្ញាថាជនសង្ស័យទៅលាក់ខ្លួននៅខេត្តកំពង់ចាម ក៏បានចេញទៅសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ចាម ធ្វើការតាមបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម វេលាម៉ោង១១៖៣០នាទីព្រឹក ខណៈពេលរូបគេកំពុងជិះម៉ូតូតាមផ្លូវ។

តាមការស្តាប់ចម្លើយ ជនសង្ស័យមានឈ្មោះ ប៊ូ យូហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនិង បច្ចុប្បន្នស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នៅថ្ងៃកើតហេតុជនសង្ស័យបានឃើញមានកន្លែងហ្គេមទើប បើកថ្មីក៏បានចូលទៅសម្លុតជម្រិតទារលុយពីអ្នកមើលការខុសត្រូវ ចំនួន៥ពាន់រៀល ដោយរូបគេមានក្រវ៉ាត់ ID និងកាំភ្លើងខ្លីមួយដើម នៅចង្កេះតែពេលនោះអ្នកមើលការខុសត្រូវមិនព្រមឲ្យគ្រប់តាមការទាមទារ គឺឲ្យតែ៣ពាន់រៀល ក៏មានការឈ្លោះប្រកែកនិងប្រតាយប្រតប់គ្នា រហូតដល់ជនសង្ស័យបានដកកាំភ្លើងខ្លីពីចង្កេះ បាញ់គម្រាមក្រុមអ្នកមើលការខុសត្រូវហ្គេម មួយគ្រាប់បណ្តាលឲ្យត្រូវ ស្ត្រីម្នាក់ដើរតាមផ្លូវ ហើយក្រុមមើលការខុសត្រូវហ្គេម ក៏បានស្ទុះទៅចាប់ និងប្រតាយប្រតប់ជាមួយជនសង្ស័យ រហូតធ្លាក់អាយឌីនិងកាំភ្លើងខ្លី ទើបជនសង្ស័យរត់ ឡើងលើម៉ូតូបើកគេចខ្លួនតែម្តង ជនសង្ស័យបានបញ្ជាក់ថា កាំភ្លើងខ្លីដែលរូបគេប្រើ គឺទិញតាមផ្លូវនៅចំណុចការ៉ាសាំងតេលា ផ្លូវនរោត្តម គល់ស្ពានមុន្នីវង្ស ក្នុងតម្លៃ ៤៧០ដុល្លារអាមេរិក ពីជនមិនស្គាល់ឈ្មោះម្នាក់ តាមរយៈការណែនាំតៗគ្នាពីអ្នកធ្លាប់ស្គាល់ ក្នុងអំឡុងឆ្នាំ២០១៤ ដែលបច្ចុប្បន្នកំពុងត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ត។

ចំណែកជនសង្ស័យនឹងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដើម្បីអនុវត្តតាមផ្លូវច្បា​ប់៕