(កំពង់ស្ពឺ)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី២១ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាប់ផ្តើមបន្តទៀតហើយ​ នៅម្ដុំផ្សារ​ឧដុង្គ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

យុទ្ធនាការនៅព្រឹកនេះ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ដើមឡើយលោក និងក្រុមការងារបានរៃអង្គាសនៅផ្សារ​ឧដុង្គតែម្ដង ប៉ុន្ដែបានត្រឹមរយៈពេល៣៥នាទី ក៏ត្រូវគណៈកម្មការផ្សារដេញចេញ ហើយលោកបាន​មក​រៃអង្គាស នៅ​ឆ្ងាយពីផ្សារឧដុង្គប្រហែល៦០០ម៉ែត្រ ផ្លូវបំបែកផ្លូវជាតិលេខ៥២វិញ។

លោក ពេជ្រ ស្រស់ បានថ្លែងឲ្យដឹងថា លោកនិងក្រុមការងារ ពិតរីករាយចំពោះសកម្មភាពរៃអង្គាសថវិកានេះ ដើម្បីជួយកសាងចេតិយជូនលោកបណ្ឌិត កែម ឡី ហើយការរៃអង្គាសនេះក៏ដោយសារគណៈកម្មការមុន មានព្រះសង្ឃ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀន...មិនអាចជួយរកថវិកាដើម្បីកសាងបាន។ លោក រួមនឹងក្រុមការងាររបស់លោក បានសម្រេចបើកយុទ្ធនាការដើររៃអង្គាសថវិកានេះតែម្តង ហើយនេះជារឿងសប្បុរសធម៌មានរយៈពេល៣០ថ្ងៃ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា យុទ្ធនាការនេះមានការចូលរួមគាំទ្រពីបងប្អូនប្រជាពលរដ្ឋច្រើនបង្គួរ។ យុទ្ធនាការរៃអង្គាស ថវិកានេះ គឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ។

ប្រធានគណបក្សយុវជនកម្ពុជា ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងចូលរួមជាថវិកា ដើម្បីសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ឲ្យបានគ្រប់ៗគ្នា៕​