(ភ្នំពេញ)៖​ អតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច មុនពេលដែលលោកចាកចេញពីតំណែងជាប្រធានសមាគម លោកបានខិតខំប្រឹងប្រែងពង្រឹងសង្គមសិល្បៈ ធ្វើឲ្យអ្នកសិល្បៈមានការសម្បូរសប្បាយ មិនឈ្លោះប្រកែកគ្នាមានសុខសន្ដិភាព ពោលគឺស្រលាញ់គេ ដោយឈាមជាអ្នកសិល្បៈតែមួយ ព្រមទាំងកសាងសមិទ្ធិផលជាច្រើនជូនសមាគម ខណៈដែលបច្ចុប្បន្ននេះសិទ្ធជា ប្រធានសមាគមរបស់លោកបានផុតតំណែងហើយ។ ស្របពេលថ្មីៗនេះ លោកបានចេញសារមួយ ធ្វើឲ្យទស្សនិកជនគ្រប់មជ្ឍដ្ឋាន ជាពិសេស អ្នកតាមដានវិស័យសិល្បៈមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាបានបង្កប់អត្ថន័យជាច្រើន ចំពោះសង្គមសិល្បៈសព្វថ្ងៃ។

ជាក់ស្ដែង ក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក សុះ ម៉ាច បានសរសេរថា «សូមទុកឲ្យអារម្មណ៍របស់ខ្ញុំបានស្ងប់ខ្លះផង ខ្ញុំហត់នឿយកាយចិត្តគំនិតឆ្អែតហើយ !ជាពិសេសនៅក្នុងសង្គមសិល្ប:ដែលខ្ញុំខំប្រឹងកន្លងមករហូតបានចេញជាសមិទ្ធផលជាច្រើន ដែលអ្នកមិនដឹង អ្នកបញ្ចេញទស្សនៈអ្វីជាសិទ្ធិបុគ្គលរបស់អ្នក តែអ្នកគួរតែថ្លឹងថ្លែងតាមដាន និងឲ្យតម្លៃដល់គ្នាខ្លះផង!ជាពិសេសអ្នកដែលខំកសាងនិងអ្ន្ដកដែលខំតស៊ូគ្រប់យ៉ាង កុំលើកមួយទម្លាក់មួយអី !សូមមេត្តាកុំមើលតែមួយជ្រុងឲ្យសោះ! ចង់បានតែប៉ុណ្ណេះទេ!»

លោក សុះ ម៉ាច បានបន្ដទៀតថា «ខ្ញុំបានសម្រេចចិត្តដកខ្លួនឆ្ងាយពីសមាគមសិល្ប:ហើយ គឺមួយជីវិតរបស់ខ្ញុំពុំមានថ្ងៃវិលទៅរកតំណែងសមាគមទៀតដែរ ព្រោះជាលក្ខន្តិកៈរបស់សមាគម សូមឈប់យល់ច្រឡំមកលើខ្ញុំទៀតទៅ !អ្នកណាសាងអ្នកនោះទទួលទៅចុះ!មេត្តាកុំយករូបខ្ញុំទៅឡូកឡំទៀតអី!ជាចុងក្រោយខ្ញុំសូមឲ្យមិត្តសិល្ប:ទាំងអស់រួបរួមគ្នាទៅ ឈប់ឈ្លោះគ្នាឈប់បែកបាក់គ្នាតទៅទៀតទៅហើយងាកមកធ្វើនូវអ្វីៗដែលល្អៗមានប្រយោជន៍ដល់សង្គមជាតិសង្គមសិល្ប:យើងវិញវាប្រសើរជាជាង!! »

ជាការពិតណាស់ ដូចដែលមហាជនបានជ្រាបហើយ ថាក្នុងសង្គមសិល្បៈសព្វថ្ងៃនេះ ហាក់ដូចជាមិនទាន់មានភាពរលូននៅឡើយទេ ដោយចេះតែមានរឿងនេះ រឿងនោះមិនចេះចប់មិនចេះហើយ បន្ទាប់ពី លោក សុះ ម៉ាច បានអស់សិទ្ធិជាប្រធានសមាគមសិល្បករខ្មែរ។

ទោះបីជាយ៉ាងណាក្ដី លោក សង្ឃឹមថា បងប្អូនអ្នកសិល្បៈនិងរួបរួមគ្នា ប្រព្រឹត្តអ្វីដែលល្អមានប្រយោជន៍ចំពោះសង្គមជាតិ និង សង្គមសិល្បៈ៕