(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២១ ខែសីហានេះ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានអះអាងថា នៅព្រឹកថ្ងៃទី០១នេះ ស្ទើរតែគ្មានការនាំចូលនូវសំណៅឯកសារ និងសម្ភារៈហាមឃាត់ មកជាប់ខ្លួនរបស់បេក្ខជន។

ក្រសួងអប់រំបានសរសេរ លើក Facebook របស់ខ្លួនយ៉ាងដូច្នេះថា «នាព្រឹកថ្ងៃទី០១ នៃការប្រឡង ស្ទើរតែគ្មានការនាំចូលនូវ សំណៅឯកសារ និងសម្ភារៈហាមឃាត់ មកជាប់ខ្លួនរបស់បេក្ខជន»

តែទោះជាយ៉ាងណា ក៏មាន​ប្រមូលយកសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗ ពីបេក្ខជននៅតាម មណ្ឌលប្រឡងមួយចំនួន ក្នុងដំណើរការវិញ្ញាសាសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិចំណេះទូទៅ និងបំពេញវិជ្ជា ដោយគណៈកម្មការអនុរក្ស មន្ត្រីនិងអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា មានករណីសំណៅឯកសារ និងសម្ភារៈហាមឃាត់មកជាប់ខ្លួន របស់បេក្ខជនតិចតួចបំផុត។

ជាមួយគ្នានេះ ក្រសួងអប់រំ បានឲ្យដឹងទៀតថា នៅ​ព្រឹក​ថ្ងៃ​ទី១ នៃ​ដំណើរការ​មណ្ឌល​សំណេរ​នៃ​វិញ្ញាសា​ទី​១ ស្ថាន​ភាព​ក្នុង​ដំណើរការ​ប្រឡង មាន​ភាព​ស្ងប់ស្ងាត់ និង​សណ្ដាប់​ធ្នាប់​របៀប​រៀបរយ​ល្អ​ទាំង​នៅ​ក្នុង​និង​ក្រៅ​មណ្ឌល​ប្រឡង ថ្វីត្បិត​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​ដំណើរ​ការ​ប្រឡង​បាន​ប្រព្រឹត្ត​ទៅ​ តាម​ពេល​វេលា​ដែល​បាន​កំណត់ ។

សូមជម្រាបថា ការប្រឡងបាក់ឌុបឆ្នាំ២០១៧ មានមណ្ឌលប្រឡងចំនួន១៧៩មណ្ឌល ស្មើនឹង៤,០៩៣បន្ទប់ នៅទូទាំងប្រទេស ក្នុងនោះមានបេក្ខជនចំនួន១០១,៤១០នាក់ (ស្រី ៥០,០៤៩នាក់)៕