(កណ្ដាល)៖ កម្លាំងនគរបាលខេត្តកណ្ដាល បានបង្ក្រាបជនជាតិចិន ដែលលួចតម្លើងប្រព័ន្ធ Internet ដើម្បីតេទៅក្រៅប្រទេសដែលមិនបានបង់ជូនរដ្ឋ និងបម្រើឲ្យការចាប់ជំរិត។

លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងខេត្ត និងជាប្រធានការិយាល័យនគរបាលកណ្ដាលព្រហ្មទណ្ឌខេត្ត បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ​នៅបន្ទប់លេខ៣០៦ ជាន់ទី៣ សណ្ឋាគារ «ត្រានីកា» ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តបដោយមានការសម្របសម្រួលពី ព្រះរាជអាជារង លោក ទិន សុចិត្រា។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បញ្ជាក់ថា ជនជាតិចិនដែលបង្ក្រាបបាននេះ ឈ្មោះ ​​ZHU CHULE ​អាយុ៣១ឆ្នាំ​​ កាន់លិខិតឆ្លងដែនលេខ G-51567813 ដោយក្នុងនោះដកហូតបាន​ ឧបករណ៍បន្ទះស្តើង ​ក្នុង០១បន្ទះ មានអង់តែន, ឧបករណ៍មានភ្លើង​ទទួលខ្សែ ពីបន្ទះស្តើង, ឧបករណ៍ ម៉ាក Kingtel, ម៉ូតូ​០១គ្រឿង ពាក់ស្លាកលេខ​ភ្នំពេញ​1​R-2104​។

បើតាមការរៀបរាប់ពី មេការសណ្ឋាគារបំភ្លឺថា ​ជនជាតិចិនខាង​លើ​បាន​ជិះ​ម៉ូតូ ម៉ាក​ Click ពណ៌ឈាមជ្រូក មកជួលសណ្ឋាគារត្រានីកា បន្ទប់លេខ៣០៦ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០១៧ វេលាម៉ោង១១៖៣០នាទី។ លុះដល់ម៉ោង០៤៖១៧នាទី ជនសង្ស័យខាងលើ បានចាក​ចេញដោយ​មធ្យោបាយ​ដដែល ហើយមិនបានត្រឡប់មកវិញឡើយ។

ស្នងការរងបន្ថែមថា ដោយបានទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញដឹកនាំ​ដោយ​ លោក​អធិការនគរបាលក្រុងតាខ្មៅ បានចុះធ្វើកិច្ចការស្រាវជ្រាវបន្ត តាមឃ្លាំមើល ជាមួយ​មេការ​សណ្ឋាគារ ​​ត្រានីកា។ លុះវេលាម៉ោង ០៧៖០០នាទី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០១៧ បានវិលត្រឡប់ចូលមក ដល់សណ្ឋាគារ​វិញ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ​និងឆែកឆេរបន្ទប់​ចាប់យកវត្ថុតាង ​ឧបករណ៍ពាក់ព័ន្ធ ហើយបញ្ជូនទៅ​ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕