(ភ្នំពេញ)៖ ការបណ្តុះបណ្តាលគ្រូបង្រៀនភាសាបារាំង តាមគោលដៅជាក់លាក់វិធីសាស្ត្រ រៀបចំចងក្រងមេរៀនបង្រៀនភាសាបារាំង លើជំនាញឯកទេស និងនៅថ្នាក់ឧត្តមសិក្សា គ្រូបង្រៀនភាសាបារាំងចំនួន១៥នាក់ បានចូលរួមវគ្គបណ្តុះបណ្តាល ដែលផ្តោតលើវិធីសាស្ត្រ ចងក្រងមេរៀនសម្រាប់ការបង្រៀនភាសាបារាំង លើជំនាញឯកទេស និងឧត្តមសិក្សាដែលបានប្រព្រឹត្ត នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រយៈពេល៦ថ្ងៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧។

សិក្ខាកាមទាំងឡាយសុទ្ធតែ ជាគ្រូបង្រៀនភាសាបារាំង មកពីសាកលវិទ្យាល័យរដ្ឋ ដែលជាសមាជិកនៃទីភ្នាក់ងារឧត្តមសិក្សា ដែលប្រើភាសាបារាំង ក្នុងនោះរួមមានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងអង្គការភាពញញឹមនៃកុមារ។

វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយលោកស្រី Evelyne ARGAUD សាស្ត្រាចារ្យមហាបរិញ្ញា និងជាបណ្ឌិតផ្នែកអប់រំភាសា និងវប្បធម៌ និងជាអ្នកទទួលបន្ទុកផ្នែកបង្រៀនភាសាបារាំង សម្រាប់និស្សិតបរទេស នៃវិទ្យាសា្ថនជាតិភាសានិងវប្បធម៌បូព៌ា(INALCO)។

វគ្គបណ្តុះបណ្តាលនេះ មានគោលដៅជួយដល់លោកគ្រូ-អ្នកគ្រូ សាស្ត្រាចារ្យ បានស្គាល់នូវគោលបំណង នៃការបង្រៀនភាសាបារាំង លើជំនាញឯកទេស និងនៅថ្នាក់ឧត្តមសិក្សា ចេះវិភាគតម្រូវការ និងធ្វើការប្រមូលចងក្រងឯកសារ និងទិន្នន័យសម្រាប់រៀបចំមេរៀន ស្វែងយល់អំពីភាពស្មុគ្រស្មាញនានា និងភាពសំបូរបែបនៃតួនាទីរបស់អ្នកស្រាវជ្រាវ តាមសាកលវិទ្យាល័យ និងវិធីសាស្ត្ររៀបចំ កម្មវិធីបណ្តុះបណ្តាលការប្រើប្រាស់ភាសាបារាំង ទៅតាមតម្រូវការនៅថ្នាក់ឧត្តមសិក្សា និងរៀបចំវិញ្ញាសារវាយតម្លៃ។

ការរៀបចំកម្មវិធីបង្រៀនភាសាបារាំង លើជំនាញឯកទេស ការវិភាគលើតម្រូវការនិងលើលក្ខណៈនៃអ្នកសិក្សា ការប្រមូលចងក្រងព័ត៌មាន និងទិន្នន័យ វិធីសាស្ត្រវិភាគលើការនិយាយផ្ទាល់មាត់ ក្នុងកម្មវិធីបង្រៀនសម្រាប់ការប្រើប្រាស់ភាសាបារាំង នៅថ្នាក់ឧត្តមសិក្សា វិធីសាស្ត្រក្នុងការសំយោគឯកសារ ការតែងនិពន្ធ និងតាក់តែងនិក្ខេបបទសម្រាប់និស្សិតថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ សុទ្ធតែបានបញ្ចូលក្នងរបៀបវិរៈ នៃការបណ្តុះបណ្តាលនេះ។

វគ្គបណ្តុះបណ្តាលខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃគំរោង «ការបង្កើតដេប៉ាកតឺម៉ង់ភាសាបារាំង» ដែលគាំទ្រដោយទីភ្នាក់ងារឧត្តមសិក្សា ប្រើប្រាស់ភាសាបារាំង(AUF) ដោយរួមសហការជាមួយគំរោងមនុស្សសាស្ត្រ MANUSASTRA នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរួមចំណែកដល់ការពង្រឹងគុណភាព អប់រំភាសាបារាំង នៅតាមគ្រឹះស្ថាន ឧត្តមសិក្សាដែលជាភាសា សម្រាប់ការបង្រៀននិងស្រាវជ្រាវ ហើយចាំបាច់ក្នុងការត្រៀមរៀបចំ ជួយដល់និស្សិតឲ្យទទួលបានអាហារូបករណ៍ នៅថ្នាក់តំបន់ ក៏ដូចជាកំរិតអន្តរជាតិ៕