(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានចេញមកប្រកាសជូនដំណឹងភ្លាមៗដល់ប្រជាពលរដ្ឋ ដែលជាអ្នកធ្វើដំណើរគ្រប់មធ្យោបាយចេញ-ចូល នៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវទាំងអស់ ឲ្យបានជ្រាបថា រដ្ឋបាលសាលាខណ្ឌឫស្សីកែវ និងសម្រេចបិទផ្លូវមួយខ្សែលេខ62R ជាបណ្ដោះអាសន្នសិន ចាប់ពីផ្លូវលេខ៥៩៨ រហូតចូលមកវត្តញាណរង្សី និងផ្សាសំហាន់ (ហៅផ្សារទួលសង្កែ) ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ការបិទចរាចរជាបណ្តោះអាសន្នខាងលើនេះ ត្រូវបានលោក ជា ពិសី ប្រាប់ថា ដោយសារតែផ្លូវមួយខ្សែខាងលើនេះ ត្រូវរងការខូចខាតយ៉ាងដំណំ ហើយបាននិងកំពុងបើកការដ្ឋាន ដើម្បីដាក់ឲ្យដំណើរការជួសជុលឡើងវិញផងដែរ ដែលអាចធ្វើឲ្យមានផលលំបាក ក្នុងការធ្វើដំណើរ ចេញ-ចូលរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋគ្រប់មធ្យោបាយ។

លោក ជា ពិសី បានបញ្ជាក់ថា អាស្រ័យដូចបានជម្រាបជូនជាដំណឹងតាមហេតុផលជាក់ស្ដែងខាងលើ រដ្ឋបាលសាលាខណ្ឌឫស្សីកែវ សូមខន្តី អភ័យទោស ចំពោះបងប្អូនប្រជាពលរដ្ឋ សាធារណជន ទូទាំងខណ្ឌឫស្សីកែវ ក្នុងរាជធានីភ្នំពេញទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យដោយក្ដីអនុគ្រោះ៕