(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអរគុណដល់លោក Fumio Yamada ប្រធានអង្គការសមាគម សហប្រតិបត្តិការ កម្ពុជា-ជប៉ុន (JCIA) ដែលបានប្រកាសថា នឹងជួយដល់ក្រសួងសង្គមកិច្ចដោយបញ្ជូនសិក្ខាកាមទៅប្រទេសជប៉ុន ដើម្បីបណ្តុះបណ្តាលជំនាញមើលថែចាស់ជរា។

លោក Fumio Yamada បានប្រាប់ថា សិក្ខាកាមរបស់ក្រសួង ដែលចង់ទទួលបានជំនាញ មើលថែមនុស្សចាស់នេះ គួទៅសិក្សានៅប្រទេសជប៉ុនជាមុនសិន។ អង្គការរបស់លោក មានដៃគូសហការជាច្រើន នៅប្រទេសជប៉ុន ក្នុងការបណ្តុះបណ្តាលសិក្ខាកាម ឲ្យមានជំនាញពិតប្រាកដ ដើម្បីយកជំនាញមកជួយដល់ប្រទេសកម្ពុជា។ លោកបន្តថា ខាងជប៉ុន រីករាយក្នុងការបង្ហាត់បង្រៀន ឲ្យអស់ពីសមត្ថភាពជូនដល់សិក្ខាកាមកម្ពុជា ដែលត្រូវទៅសិក្សា និងបណ្តុះបណ្តាលជំនាញនេះ នៅប្រទេសជប៉ុន។

ការថ្លែងរបស់លោក Fumio Yamada បានធ្វើឡើងខណៈ លោករួមនិងក្រុមការងារមួយចំនួនទៀតបាន អញ្ជើញជួបសំណេះសំណាល ជាមួយរដ្ឋមន្រ្តី វង សូត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ នាទីស្តីការក្រសួង។

ជាមួយគ្នានោះរដ្ឋមន្រ្តី វង សូត បានស្នើឲ្យអង្គការជួយលើការងារនេះ ពីព្រោះជំនាញនេះមានសារសំខាន់ និងស្របតាមក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ខណៈប្រជាជនមានវ័យចាស់ មានការកើនឡើងច្រើន។ កន្លងមកកម្ពុជា នៅមិនទាន់មានកន្លែងថែទាំ មនុស្សចាស់ ដែលជារបស់រដ្ឋនៅឡើយទេ។

រដ្ឋមន្រ្តីបន្តថា មណ្ឌលថែទាំមនុស្សចាស់ដែលក្រសួងរៀបចំធ្វើ ហើយគ្រោងនឹងរួចរាល់នៅដើម ឆ្នាំក្រោយនេះ គឺធ្វើឡើង ក្នុងគោលដៅថែទាំមនុស្សចាស់គ្មានទីពឹង និង ជាសាលាត្រួទពិនិត្យ អប់រំបុគ្គលិក ឲ្យមានជំនាញ ថែទាំមនុស្សចាស់ដែលមានស្តង់ដារ។ ផ្តល់បទពិសោធន៍ និងកិច្ចសហការ ដល់មណ្ឌលថែទាំ មនុស្សចាស់ របស់រដ្ឋ ឲ្យបានល្អ ដើម្បីបំពេញតម្រូវការ នៃចំនួនមនុស្សចាស់កើនឡើង នាពេលអនាគត។

លោក វង​ សូត បានបញ្ជាក់ថា បើយោងតាមរបាយការណ៍បានឲ្យដឹងថា ក្នុងចំណោមមនុស្សទូទៅ វ័យចាប់ពី ៦០ឆ្នាំឡើងទៅ មានចំនួនជាង១លាន២សែននាក់ ស្មើនឹង៨ភាគរយ។ លោកបន្តថា តាមការចាយតម្លៃ និង សិក្សាស្រាជ្រាវ បានឲ្យដឹងថា នាពេលអនាគត ចំនួនមនុស្សចាស់ អាចនឹងមានការ កើនឡើងខ្លាំង ប្រហែលជា ជិត២លាននាក់ ស្មើ១១ភាគរយ។

លោកបានលើកឡើងថា កន្លងមកមក អង្គការនេះ បានជួយបណ្តុះបណ្តាលជំនាញហើយ ជួយឧបករណ៍ ដល់ជនពិការកម្ពុជា ឲ្យមានមុខរបរខ្លួនឯងទៀតផង។

ប្រាប់ឲ្យដឹងក្នុងពិធីសំណេះសំណាលនោះ កញ្ញា ស្រីលីន ដែលជាសិក្ខាកាម បានទៅសិក្សាជំនាញ មើល ថែមនុស្សចាស់ នៅប្រទេសជប៉ុន បានប្រាប់ឲ្យដឹងថា «ទៅរៀនជំនាញខាងមើលថែមនុស្សចាស់ ជំនាញនឹងពិតជាល្អណាស់ សម្រាប់ប្រទេសយើង ពីព្រោះថា នៅ ថ្ងៃក្រោយ អាចនឹងមានមនុស្សចាស់ច្រើនដូចនេះ បើមានធនធានមនុស្សជំនាញ ក្នុងការមើលថែមនុស្សចាស់ យើងអាចជួយដល់កម្ពុជាបានច្រើន។ ជំនាញមើលថែមនុស្សចាស់ ពិតជាមានសារៈសំខាន់ណាស់ ទី១រៀនបានច្រើនក្នុងការមើលថែ ដូចជាបញ្ចុកបាយ របៀបមុជទឹកជាដើម។ បើរៀនចេះជំនាញនេះ ពួកគាត់ក៏អាចជួយមើលថែមនុស្សចាស់ ក្នុងគ្រួសារបាន»

កញ្ញា ស្រីលីន ប្តេជ្ញាថា កញ្ញានឹងខិតខំបង្រៀន សិស្សដទៃទៀត នូវអ្វីដែលខ្ញុំចេះ និងទទួលបានខណៈ បានទៅសិក្សា នៅប្រទេសជប៉ុន នាពេលកន្លងមក។

បន្ថែមពីលើនេះ លោក Fumio Yamada រំពឹងថា នឹងមានសិក្ខាកាម​កម្ពុជា កាន់តែច្រើនទៅសិក្សា នៅប្រទេសជប៉ុនទៀត លើមុខជំនាញដថែទាំមនុស្សចាស់នេះ។ លោកបន្តថា អង្គការលោក និងសហការជាមួយ ក្រសួងសង្គមកិច្ចឲ្យបានល្អបំផុតដើម្បីបណ្តុះធនធានមនុស្សរបស់កម្ពុជា ឲ្យកាន់តែមានចំនួនច្រើនឡើង ជាងមុន៕