(ព្រះវិហារ)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ លោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិជាច្រើនរូបទៀត បានអញ្ជើញចុះសួរសុខទុក្ខ និងបានចែកអំណោយដល់នាយទាហាន និងពលទាហាន ដែលឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន នៅសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ មុនឱកាសពិធីកាន់វេនបិណ្ឌ ដែលមកដល់ក្នុងពេលឆាប់នេះ។

ក្នុងឱកាសនោះលោក ជៀង អំ បានពាំនាំនូវការផ្ទាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ជាពិសេសសម្តេចពិជយ័សេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជានិច្ចកាលសម្តេច តែងគិតគូរជានិច្ចពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនកងទ័ពយើងជាក់ស្តែងថ្ងៃនេះ អំណោយរបស់ក្រសួង ការពារជាតិត្រូវបានយកមកចែកជូនដល់នាយទាហាន និងពលទាហានយើងមុនឱកាសបុណ្យភ្ជុំបិណ្ឌ ដែលឈានដល់ក្នុងពេលឆាប់ៗ។

លោក ជៀង អំ បានដាស់តឿនដល់នាយទាហាន និងពលទាហានទាំងអស់ត្រូវយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់ខ្លួនជាប្រចាំ ព្រោះរដូវនេះជា​រដូវវស្សា មានភ្លៀងធ្លាក់ជាប្រចាំ ដូច្នេះសូមបងប្អូនគ្រួសារនាយទាហាន និងពលទាហាន​ទាំងអស់ប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះកា ​បរិភោគអាហារប្រសិនបើសុខភាពមានការ ទ្រុឌទ្រោមនោះ យើងមិនអាចបំពេញភារកិច្ចជូនជាតិមាតុភូមិយើងបានល្អប្រសើរនោះទេ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជការកងពលធំអន្តរាគមន៍លេខ៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ជៀង អំ និងប្រតិភូដែលបានឈ្លៀតពេលមមាញឹកចុះមកសួរសុខទុក្ខសំណេះសំណាល និងបានអំណោយរបស់ក្រសួងការពារជាតិ មកចែកជូនដល់នាយ និងពលទាហានទាំងអស់ ដែលអំណោយនេះ បានឆ្លើយតបទៅ និងតំរូវការរបស់បងប្អូនកងទព័យើង ស្របនិងបុណ្យដាក់បិណ្ឌជិតចូលមកដល់។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យកងទ័ពយើង មានទឹកចិត្តអង់អាចក្លាហាន ហានពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិមាតុភូមិ កត្តានេះផ្តើមចេញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន មកលើជីវភាពរស់នៅរបស់បងប្អូនកងទ័ពយើង ដោយក្នុងនោះសម្តេច បានប្រគល់ផ្ទះសំបែងប្រគល់ដីស្រែចំការ និងតម្លើងប្រាក់បៀរ៍វត្ស ឲ្យបានសមរម្យទៀតផង។ ក្នុងនាមនាយទាហាន និងពលទាហាននៅសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ លោក ស្រី ឌឹក បានប្តេជ្ញាការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារព្រះមហាក្សត្រ និងការពារសន្តិភាពនៅកម្ពុជា ឲ្យស្ថិតនៅគង់វង់ជានិរន្តរ៍ផងដែរ។

 អំណោយដែលយកមកចែកជូននៅពេលនេះរួមមាន៖ អង្ករ១០តោន ត្រីខកំប៉ុង១តោន ភួយចំនួន១០០ និងថវិការ២០លានរៀលផងដែរ៕