(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួបជាមួយ ក្រុមបេសកកម្មរបស់អង្គការស្បៀងអាហារពិភពលោក (WFP) ដែលដឹកនាំដោយលោក David Kaatrud នាយកប្រចាំតំបន់ នៃWFP និងលោកស្រី Nancy Walters ដើម្បីពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្នា។

ជំនួបពិភាក្សានេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលក្នុងនោះលើកឡើងថា ញឹម វណ្ណដា បានលើកឡើងថា «គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ លើការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាពិសេសលើការអនុវត្តប្រព័ន្ធព័ត៌មាន ទាន់ហេតុការណ៍»។

បច្ចុប្បន្ន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP កំពុងអនុវត្តគម្រោងប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ នៅក្នុងខេត្តចំនួន ៥ គឺ៖ ខេត្តកំពង់ធំ, ស្ទឹងត្រែង, សៀមរាប, ព្រៃវែង និងខេត្តបន្ទាយមានជ័យ និងកំពុងតែរៀបចំពង្រីកទៅខេត្តចំនួន ៧ទៀត ដែលរួមមាន៖ ខេត្តបាត់ដំបង, ក្រចេះ, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ស្ពឺ, ពោធិ៍សាត់ និងខេត្តកំពត។

លើសពីនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP បានឯកភាព និងរៀបចំលំហាត់សមយុទ្ធគ្រោះមហន្តរាយ (KAMREX) នៅចុងខែតុលា ឆ្នាំ២០១៧ខាងមុខនេះ នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងសមត្ថភាពនៃការត្រៀមរៀបចំ ឆ្លើយតបគ្រោះមហន្តរាយ នៅកម្ពុជា។

លោក David Kaatrud បានថ្លែងកោតសរសើរដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការបំពេញតួនាទីជាអ្នកសម្របសម្រួល ជាមួយគ្រប់ដៃគូពាក់ព័ន្ធ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ហើយលោកក៏លើកឡើងផងដែរថា WFP និងបន្តចូលរួមការងារកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ៕