(ភ្នំពេញ)៖ ឆ្លើយតបសំណូមពរជាច្រើនរបស់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ឲ្យទូទាត់តាមរយៈការកាត់សងនូវចំនួនទឹកប្រាក់ ដែលគិតលើសជាមួយនឹងថ្លៃប្រើប្រាស់ទឹក ក្នុងខែបន្ទាប់នោះ នៅល្ងាចថ្ងៃទី២៩​ ខែសីហា ឆ្នាំ២០១៧នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្រេចយ៉ាងដូច្នេះហើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ។

នៅក្នុងសេចក្ដីជូនដំណឹង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលសំណើរពីអតិថិជនជាច្រើន ស្នើឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ធ្វើការកាត់សងនូវប្រាក់ដែលបង់លើស ជាមួយនឹងថ្លៃទឹកប្រើប្រាស់ ក្នុងខេត្តបន្ទាប់»

និយាយឲ្យស្រួលស្ដាប់មានន័យថា បើសិនជាមុនប្រជាពលរដ្ឋបានបង់ថ្លៃទឹកលើសរហូតដល់១ម៉ឺនរៀល ដូច្នេះនៅខែបន្ទាប់ខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងកាត់សងនៅតាមតម្លៃជាក់ស្ដែង នៃការប្រើប្រាស់ទឹក មិនឲ្យខ្វះខាត ឬបាត់១សែននោះទេ។

ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានប្រកាសជូនដំណឹងដល់ពលរដ្ឋថា បើមានបញ្ហាអ្វីផ្សេងៗនោះ អាចទាក់ទងតាមលេខទូរស័ព្ទ 023 430 541 រៀងរាល់ម៉ោងធ្វើការ និងអាចមកសួរនាំដោយផ្ទាល់នៅកន្លែងបញ្ជបេឡាទទួលប្រាក់ រៀងរាល់ម៉ោងធ្វើការផងដែរ។

សូមអានខ្លឹមសារលម្អិត នៃសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញខាងក្រោមនេះ៖