(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសថា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ឲ្យទទួលបាននូវព័ត៌មានស្តីការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧នោះ គជប បានបង្កើត​ មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ​ការ​ចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៧ បើកដំណើរការ​ក្នុង​ផ្សារទំនើប​ AEON Mall ជារៀងរាល់​ថ្ងៃចាប់​ពី​ម៉ោង១១៖៣០នាទី​ព្រឹក​ដល់​ម៉ោង៧ល្ងាច។

តាម គ.ជ.ប  មជ្ឈមណ្ឌលផ្ដល់ព័ត៌មាន ​ការ​ចុះឈ្មោះបោះឆ្នោត​ ឆ្នាំ​២០១៧នេះ នឹង បើកដំណើរការ​ក្នុង​ផ្សារទំនើប​ AEON Mall ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

សូមជម្រាបថា ប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ រួមមានអ្នកទើបគ្រប់អាយុបោះឆ្នោត (គិតដល់ថ្ងៃបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៦) អ្នកដែលមិនទាន់ចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ និងអ្នកចុះឈ្មោះបោះឆ្នោតហើយ តែបានផ្លាស់ប្ដូរទីលំនៅ មានចំនួនប៉ាន់ស្មាន ១,៤១២,១៤៩នាក់។

ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នឹងចាប់ឡើងចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីយកទៅប្រើប្រាស់នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕