(ភ្នំពេញ)៖ លោក សួន សុភ័ណ្ឌ អតីតមេដឹកនាំយុវជនក្នុងគណបក្សសង្រ្គោះជាតិ កំពុងក្លាយជាបេក្ខជនប្រធានបក្សតែមួយគត់ សម្រាប់ការបោះឆ្នោតនៅក្នុងសមាជគណបក្សអំណាចខ្មែរ ដែលគ្រោងនឹងធ្វើឡើង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ខណៈដែលគណបក្សនេះ នឹងមានអនុប្រធានថ្មីចំនួន២រូបផងដែរ។

ការរៀបចំក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់គណបក្សអំណាចខ្មែរ បានធ្វើឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ប្រកាសទុករយៈពេល១៥ថ្ងៃ ឲ្យគណបក្សអំណាចខ្មែររៀបចំជ្រើសរើស និងតែងតាំងក្បាលម៉ាស៊ីនដឹកនាំបក្ស រួចផ្ញើឯកសារពាក់ព័ន្ធនឹងការជ្រើសរើសនោះ មកក្រសួងមហាផ្ទៃវិញ។

លោក សួង សុភ័ណ្ឌ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖ «ជាការព្រៀងទុក សម្រាប់បេក្ខជនប្រធាន គឺមានតែខ្ញុំម្នាក់គត់ ក្នុងការឈរឈ្មោះ ដោយសារថ្នាក់ដឹកនាំផ្សេងទៀត ដែលគាត់មិនមាន ចេតនាក្នុងការឈរ ចំណែកបេក្ខជនអនុប្រធានដែលគ្រោងនឹងឈរនេះ គឺមានចំនួន៣នាក់ ប៉ុន្តែយើងជ្រើសរើសយកតែ២នាក់ទេ»។

ការរៀបចំថ្នាក់ដឹកនាំក្បាលម៉ាស៊ីនថ្មីៗរបស់គណបក្សអំណាចខ្មែរ បានធ្វើឡើងបន្ទាប់ពី លោក សួន សេរីរដ្ឋា ប្រធានគណបក្សនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ សីហា ឆ្នាំ២០១៧ ក្រោយសរសេរបង្ហោះ តាមបណ្តាញសង្គមហ្វេសប៊ុកប្រមាថ មើលងាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ ប្រទេសជាតិ ពិសេសដល់ស្ថាប័នកងយោធពលខេមរភូមិន្ទ អំឡុងពេលព្រឹត្តិការណ៍ ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។

ទោះជាយ៉ាងណា លោក សួង សុភ័ណ្ឌ បានអះអាងថា លោក សួន សេរីរដ្ឋា បានដាក់ពាក្យលាលែងពីតំណែងនេះ រួមទាំងតំណែង ផ្សេងៗទៀតរបស់គណបក្សអំណាចខ្មែរ តាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ មកម្ល៉េះ ពោលគឺលាលែងបន្ទាប់ពីចាប់ខ្លួនមួយថ្ងៃ។ លោកបញ្ជាក់ទៀតថា ចាប់ពីថ្ងៃសមាជតទៅ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ គណបក្សអំណាចខ្មែរ នឹងមិនអនុញ្ញាតឱ្យមានទំនាក់ទំនងជាមួយ លោក សួន សេរីរដ្ឋានោះទេ ដើម្បីធ្វើយ៉ាងណាឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបនឹងធ្វើវិសោធនកម្មថ្មីៗនេះ៕