(ភ្នំពេញ)៖ សម្តេចវិបុលសេនា សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ បានអនុញ្ញាតិ ឲ្យគណៈប្រតិភូសហព័ន្ធនារីវៀតណាម ដឹកនាំដោយ លោកស្រី ង្វៀង ធីធូហា សមាជិកគណៈកម្មាធិការកណ្តាល មជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងប្រធានព្រឹទ្ធសភា បានលើកឡើងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយសហព័ន្ធនារីវៀតណាម នឹងរៀបចំវេទិកា ដើម្បីព្រួនជ្រុំកិច្ចសហប្រតិបត្តិការ នៅទីក្រុងហូជីមិញ។

ក្នុងកិច្ចសហប្រតិបត្តិការ រវាងសមាគមនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម គឺផ្តោតសំខាន់លើការឃោសនា អប់រំយុវជន ដើម្បីស្វែងយល់អំពី ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលផ្លាស់ប្តូរព័ត៌មានគ្នា ទៅវិញទៅមក។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមនោះពេលនេះ ស្របពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ដែលត្រូវបានបង្កើតឡើង ដោយអតីតព្រះមហាវីរៈក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីតថ្នាក់ដឹកនាំវៀតណាមជំនាន់មុន។

សម្តេចមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនឹងរួមចំណែក ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសពង្រឹងកិច្ច សហប្រតិបត្តិការ រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសហព័ន្ធនារីវៀតណាម។

សម្តេចប្រមុខរដ្ឋស្តីទី បានបន្តយ៉ាងដូច្នេះថា ចំពោះកិច្ចសហប្រតិបត្តិការ រវាងសមាគមនារី នៃប្រទេសទាំងពីរ គឺពិតជាបានរួមចំណែកក្នុងការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរ វាងប្រជាជននៃប្រទេសទាំងពីរ។ ជំនួយគាំទ្ររបស់សហព័ន្ធនារីវៀតណាម បានផ្តល់លទ្ធភាពជាច្រើន ដល់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដើម្បីរួមចំណែកពង្រឹងស្ថាប័ន និងសមត្ថភាពមន្រ្តីរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។

សម្តេចបានលើកឡើងទៀតថា តាមរយៈជំនួយគាំទ្រទាំងអស់នេះ ត្រូវបានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។ សម្តេចមានសេចក្តីសង្ឃឹមថា សមាគមនារី នៃប្រទេសទាំងពីរ នឹងបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងគ្នាដើម្បីជាគុណប្រយោជន៍ ដល់នារី និងកុមារនៃប្រទេសទាំងពីរបន្តទៀត។

សម្តេចប្រមុខរដ្ឋស្តីទី បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រជាជននៃប្រទេសទាំងពីរ កំពុងទទួលបានលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ក្រោមពាក្យស្លោក អ្នកភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់វិស័យ និងយូរអង្វែង។ បុព្វហេតុដ៏ត្រឹមត្រូវ យុត្តិធម៌របស់ប្រជាជនកម្ពុជា គ្រប់ដំណាក់កាល មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រ របស់វៀតណាមបានឡើយ។ ប្រទេសវៀតណាម-កម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ។

លោកស្រី ង្វៀង ធីធូហា បានជម្រាបជូន សម្តេចប្រមុខរដ្ឋស្តីទី អំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហព័ន្ធនារីវៀតណាម នៅកម្ពុជានាពេលនេះ គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយនឹង សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ ក្នុងនោះសមាគមនារី នៃប្រទេសទាំងពីរ បានធ្វើការវាយតម្លៃ និងបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៣ ដល់២០១៧ ព្រមទាំងបានចុះអនុស្សារណៈ យោគយល់គ្នាថ្មី ២០១៧ ដល់២០២០។

លោកស្រី ង្វៀង ធីធូហា បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនចំពោះថ្នាក់ដឹកនាំកំពូល នៃកម្ពុជា៕