(ភ្នំពេញ)៖ ដោយអនុវត្តតាមគោលនយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍនជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់យុវជនឲ្យមានកម្រិតស្តង់ដារអាស៊ាន ក្រសួងទេសចរណ៍កម្ពុជា បានសម្រេចលទ្ធផលការងារដ៏គួរឲ្យកត់សម្គាល់ និងបានការទទួលស្គាល់ថា ជាប្រទេសនាំមុខគេ ក្នុងតំបន់អាស៊ាន។

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា ការទទួលស្គាល់នោះមានខ្លឹមសារដូចខាងក្រោម៖

១៖ ភាពជឿនលឿនលើការពង្រឹងគុណភាពបណ្តុះបណ្តាលជំនាញទេសចរណ៍អាស៊ាន៖ ក្រសួងទេសចរណ៍បានរៀបចំ និងដាក់អនុវត្តស្តង់ដារកម្មវិធីសិក្សាជាតិ និងអាស៊ាន ដែលមានសៀវភៅសិក្សាចំនួន ៩៦៨ក្បាល។ ជាលទ្ធផលយុវជនប្រមាណជាង២,០០០នាក់ រួចហើយ ដែលបានឆ្លងកាត់តាមកម្មវិធីសិក្សាអាស៊ានថ្មីនេះ ព្រមទាំងបានទទួលស្គាល់ ដោយលេខាធិការដ្ឋានអាស៊ាន។ រីឯសាលាបណ្តុះបណ្តាលក៏បានកែលម្អរចនាសម្ព័ន្ធទន់ និងរឹងរបស់ខ្លួនស្របតាមតម្រូវការ នៃការបណ្តុះបណ្តាលស្តង់ដារអាស៊ានខាងលើផងដែរ។

ដើម្បីទ្រទ្រង់ការអភិវឌ្ឍជំនាញទេសចរណ៍ខាងលើ ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានចំនួន ៣០រូប និងជាតិចំនួន៥៤២រូប ដែលបច្ចុប្បន្ន កំពុងចូលរួមបណ្តុះបណ្តាលបំពាក់បំប៉នដល់អ្នកកំពុងធ្វើការ និងយុវជនតាមសាលាបណ្តុះបណ្តាលរៀងៗខ្លួន។

ក្រសួងទេសចរណ៍បានដាក់ចេញនូវវិថីអភិវឌ្ឍន៍ជំនាញទេសចរណ៍ (Tourism Skills Pathway) ដល់យុវជន ពោលគឺយុវជនដែលចាប់យកជំនាញវិជ្ជាជីវៈណាមួយ ក្នុងផ្នែកទេសចរណ៍អាចយល់ច្បាស់អំពីវិធីសាស្រ្តក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀត ដើម្បីឈានដល់កម្រិតមួយទៀតខ្ពស់ជាងមុន។ វិថីអភិវឌ្ឍន៍ជំនាញទេសចរណ៍ ផ្តល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សាកម្រិតមធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៩ ជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) អាចចូលរៀនបាន និងអភិវឌ្ឍជំនាញរបស់ខ្លួនជាលំដាប់តាមរយៈបទពិសោធន៍នៅកន្លែងធ្វើការ។

ដើម្បីលើកទឹកចិត្តដល់យុវជនពុំទាន់មានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពឱ្យខិតខំអភិវឌ្ឍជំនាញបន្ថែមទៀត ក្រសួងទេសចរណ៍បានរៀបចំ និងអនុវត្តយន្តការវាយតម្លៃការសិក្សាពីមុន (RPL: Recognition of Prior Learning) ពោលគឺផ្តល់វិញ្ញាបនបត្រ ឬសញ្ញាបត្រទទួលស្គាល់សមត្ថភាពរបស់ពួកគាត់។

២៖ កម្ពុជានាំមុខប្រទេសសមាជិកអាស៊ានផ្សេងៗទៀត ក្នុងការបណ្តុះបណ្តាលតាមកម្មវិធីសិក្សាអាស៊ាន៖ ក្រសួងទេសចរណ៍បានរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិស្តីពី ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ផែនការយុទ្ធសាស្រ្តនេះក៏ឆ្លើយតបនឹងផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ ផងដែរ ហើយប្រទេសជាសមាជិកអាស៊ានដទៃទៀត ពុំទាន់បានរៀបចំយន្តការទ្រទ្រង់បែបនេះនៅឡើយទេ។

ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំដាក់បញ្ចូលកម្មវិធីបណ្តុះបណ្តាលជំនាញទេសចរណ៍អាស៊ាន តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្រាប់បណ្តុះបណ្តាលយុវជនដែលរៀនចប់ថ្នាក់ទី៩ ឱ្យបន្តការសិក្សារបស់ខ្លួនក្នុងវិថីអភិវឌ្ឍន៍ជំនាញទេសចរណ៍រយៈពេល៣ឆ្នាំ ដើម្បីទទួលបានសញ្ញាបត្រវិជ្ជាជីវៈ៣ ដែលមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ការអនុវត្តគម្រោងនេះ ត្រូវបានអាស៊ានស្នើឱ្យមានការចែករំលែកបទពិសោធន៍ដល់ប្រទេសជាសមាជិកផ្សេងៗទៀតផងដែរ។

ដោយមើលឃើញពីភាពសកម្មរបស់កម្ពុជា ប្រទេសជាសមាជិកអាស៊ានបានគាំទ្រឱ្យកម្ពុជាដឹកនាំរៀបចំស្តង់ដាបណ្តុះបណ្តាលអាស៊ាន ផ្នែកស្ប៉ា ម៉ាស្សា ហើយដែលក្រុមមន្ត្រីជំនាញកំពុងយកចិត្តទុកដាក់អនុវត្ត។ កម្ពុជាក៏ជាប្រទេសទី១ ដែលបានយកស្តង់ដារបណ្តុះបណ្តាលជំនាញទេសចរណ៍អាស៊ាន ទៅអនុវត្តនៅមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្ទាល់ ក្នុងទម្រង់ជាការបណ្តុះបណ្តាលខាងក្នុង (In-House Training) ដោយគ្រូដែលបានទទួលការបណ្តុះបណ្តាលគរុកោសល្យរួចហើយ។

ស្របតាមទិសដៅរបស់អាស៊ាន និងគោលនយោបាយជាតិ ក្រសួងទេសចរណ៍កំពុងសហការជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ដាក់ចុះអនុវត្តកម្មវិធីហ្វឹកហាត់ការងារ (Apprenticeship Program) លើកដំបូងគេលើមុខជំនាញទេសចរណ៍អាស៊ាន។ កម្មវិធីនេះតម្រូវឱ្យឆ្លាស់ម៉ោងសិក្សាជាប្រចាំរវាងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅកន្លែងការងារ (២សប្តាហ៍ម្តង) ស្របតាមអភិក្រម «ទទួលបានចំណូលផង បានការសិក្សាផង។ យុវជនដែលសិក្សាក្នុងកម្មវិធីនេះ នឹងទទួលបានប្រាក់ឈ្នួលពលកម្មផង និងបានការសិក្សាជំនាញផង ពោលអាចធ្វើឱ្យសិស្ស-និស្សិតក្រីក្រអាចមានជំនាញ ហើយអាចជួយសម្រួលជីវភាពក្នុងគ្រួសារផងដែរ។

កម្ពុជាជាប្រទេសទី១ ដែលបានរៀបចំយន្តការវាយតម្លៃអ្នកកំពុងបម្រើការងារ​​ ដែលមានបទពិសោធន៍ច្រើនតែពុំមានវិញ្ញាបនបត្រ ឬសញ្ញាបត្រទទួលស្គាល់គុណវុឌ្ឍិ។ យន្តការកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីយុវជនកំពុងបម្រើការងារ និងភាគីពាក់ព័ន្ធ ត្រូវបានអាស៊ានយកជាមូលដ្ឋានក្នុងការបង្កើតយន្តការរួមអាស៊ាន។ អង្គការពលកម្មអន្តជាតិ (ILO) ប្រចាំប្រទេសអាហ្រ្វិកខាងត្បូងបានអញ្ជើញក្រសួងទេសចរណ៍ ចូលរួមចែករំលែកបទពិសោធន៍របស់កម្ពុជា អំពីការវាយតម្លៃនេះដល់ប្រទេសផ្សេងៗទៀតនៅទ្វីបអាហ្រ្វិកក្នុងឱកាសសិក្ខាសិលាអន្តរជាតិ នាអំឡុងខែកញ្ញានេះផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានអញ្ជើញក្រសួងទេសចរណ៍កម្ពុជា ចែករំលែកបទពិសោធន៍ភាពជោគជ័យក្នុងការអភិវឌ្ឍជំនាញទេសចរណ៍អាស៊ានដល់ភាគីឡាវ នាអំឡុងខែកញ្ញា ឆ្នាំ២០១៧នេះ។

ដោយមើលឃើញភាពជឿនលឿនរបស់កម្ពុជាក្នុងការអភិវឌ្ឍជំនាញទេសចរណ៍អាស៊ាន កម្ពុជាត្រូវបានលេខាធិការដ្ឋានអាស៊ាន ស្នើឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ អន្តរជាតិស្តីពី ការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន ឆ្នាំ២០១៨ ដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន សហគមន៍ជាតិ និងអន្តរជាតិផងដែរ។

ដើម្បីពង្រឹងគុណភាពបណ្ដុះបណ្ដាល និងលើកទឹកចិត្តយុវជនឲ្យចាប់យកជំនាញទេសចរណ៍កាន់តែច្រើនថែមទៀត ក្រសួងទេសចរណ៍ក៏បានដាក់ចុះនូវប្រកាសស្ដីពី ការដាក់ឲ្យប្រើប្រាស់ឯកសារស្ដីពី យន្តការវាយតម្លៃទទួលស្គាល់គុណវុឌ្ឍិអ្នកជំនាញទេសចរណ៍ជាតិ និងអាស៊ាន ដូចខាងក្រោម៖