(ព្រៃវែង)៖ ក្នុងគោលបំណងការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ផលប៉ះពាល់ ដល់សុខភាពអ្នកប្រើតាមរយៈ ចំណីអាហារនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តព្រៃវែង សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ និងចុះពិនិត្យផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ នៅផ្សារកំពង់ត្របែក ក្នុងភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ខេត្តព្រៃវែង។

មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង បានឲ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារកំពង់ត្របែកនេះ គឺធ្វើតេស្តបឋមទៅលើមុខម្ហូបមួយចំនួនដូចជា៖ បន្លែ ផ្លែឈើ មីលឿង សរសៃគុយទាវ ជ្រក់តែរកមិនឃើញផលិត ផលណាមួយមានជាតិគីមីនោះទេ តែបានរកឃើញ ទឹកក្រូច ទឹកស្ទីង ស្ករគ្រាប់ និងមីម៉ាម៉ា ខូចគុណភាព និងហួសកាលបរិច្ឆេទដោយសរុបទាំងអស់ជាង ៣០គីឡូក្រាម។

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ទំនិញខូចគុណភាពទាំងនេះ បានធ្វើកំណត់ហេតុដកហូត យកទៅរក្សាទុក ដើម្បីធ្វើការកំទេចចោល។ ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់ លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕