(កំពង់ធំ)៖ មិនត្រឹមតែប្រឹងត្រដរស់ដ៏កំសត់ ជាមួយប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយ៉ាលមួយប៉ុណ្ណោះទេ សាលាបឋមសិក្សាអូរទឹកថ្លា ដែលស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំនោះ ក៏មិនសូវមានអ្នកជួយទំនុកបម្រុងថែមទៀតផង ដោយសារខណៈនេះ ភាពទ្រុធទោមចាស់ជរាកំពុងរួមរឹតដំបូល ជញ្ជាំង សសរ និងផ្នែកផ្សេងៗនៃសាលារៀន បង្កជាភាពព្រួយភ័យរាល់ថ្ងៃដល់កូនសិស្សតូចៗ លោកគ្រូៗ ក៏ដូចជាប៉ះពាល់ដល់សតិអារម្មណ៍របស់អាណាព្យាបាលសិស្សផងដែរ។

ក្នុងសភាពកាន់តែទ្រុធទ្រោមទៅៗនោះ លោកគ្រូៗ អាណាព្យាបាលសិស្ស បានស្វះស្វែងរកការជួយផ្សព្វផ្សាយ និងអំពាវនាវស្នើសុំជំនួយគាំទ្រពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល គណៈពង្រឹងមូលដ្ឋាន សប្បុរសជនជិតឆ្ងាយ ដើម្បីជួយសាងសង់អគារសិក្សាថ្មីល្មមសមរម្យមួយ នឹងអាលបន្តជាថ្នាលអប់រំបណ្ដុះបណ្ដាលសិស្សានុសិស្សទៅមុខទៀត។

ថ្លែងប្រាប់ភ្នាក់ងារអង្គភាព Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកគ្រូ អៀន ដានី ជាគ្រូបង្រៀននៅសាលាបឋមសិក្សាអូរទឹកថ្នាខាងលើ បានរៀបរាប់ថា សាលារៀននេះបានបង្កើតឡើងរយៈពេលជិត១០ឆ្នាំមកហើយ ទាំងដំបូល ជញ្ជាំងគឺប្រក់ដោយបំណះស័ង្កសី លាយសន្លឹកឈើក្រណេតក្រណាត់ ខ្យល់បក់អង្គីអង្គើ គ្មានអ្វីជាភាពកក់ក្ដៅទុកចិត្តបន្តិចណាឡើយ។

លោកគ្រូ ដានី បានបន្តថា រាល់ពេលភ្លៀងម្ដងៗ សិស្សមិនអាចរៀនសូត្របានឡើយ ដោយសារកន្លែងខ្លះធ្លុះធ្លាយលិចទឹកភ្លៀងទទឹកទាំងគ្រូ ទាំងសិស្ស ថែមទាំងរំខានដោយសំឡេងទឹកភ្លៀវធ្លាក់លើសន្លឹកស័ង្កសីប្រាវៗលាន់កងរំពង ស្ដាប់គ្នាមិនៗឡើយ គ្មានទឹកស្អាតបរិភោគ ពោលគឺត្រូវស្ពាយទឹកពីផ្ទះទៅរៀងៗខ្លួន ចំណែកដងទង់ជាតិ និងទីធ្លារជុំវិញក៏មិនទាន់រៀបចំត្រឹមត្រូវស្អាតបាតនៅឡើយ។

លោកគ្រូលើកឡើងថា ក្នុងសាលាបឋមសិក្សាអូរទឹកថ្លានេះ មានលោកគ្រូតែ២នាក់ទេ ខណៈសិស្សសរុបមានចំនួន១១៤នាក់ (ស្រី ៥៧នាក់) អង្គុយបញ្ជ្រៀតគ្នា ចាប់ពីថ្នាក់ទី១-៦ ពោលគ្រូម្នាក់ត្រូវចែកគ្នាបង្រៀន៣ថ្នាក់ វេនព្រឹក-ល្ងាច។ សិស្សភាគច្រើនមិនបានចូលរៀនទេ ព្រោះតែស្ថានភាពចាស់ជរារបស់សាលារៀនមិនគួរឲ្យទុកចិត្ត ជាក្ដីព្រួយបារម្ភចំពោះអាណាព្យាបាលសិស្ស បើទោះបីជារៀនក៏រៀនបានត្រឹមថ្នាក់ទី៦នោះដែរ ដោយសារអាណាព្យាបាលគ្មានលទ្ធភាពឲ្យកូនៗបន្តទៅរៀននៅកន្លែងឆ្ងាយ។

សូមជម្រាបថា ទីតាំងសាលាបឋមសិក្សាអូរទឹកថ្លា ស្ថិតនៅដាច់ស្រយ៉ាលពីទីប្រជុំជនដទៃប្រមាណ ៥០គីឡូម៉ែត្រ ក៏រឹតតែឆ្ងាយពីទីប្រជុំជនស្រុកសន្ទុកទៅទៀត ប៉ុន្តែបើចេញពីតំបន់កំពង់ថ្ម ស្រុកបារាយណ៍ទៅ ក៏មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រដែរ។ និយាយរួម ព្រោះតែនៅដាច់ឆ្ងាយពីគេនេះហើយ ទើបធ្វើឲ្យសាលារៀននេះ មិនសូវមានអ្នកដឹងឮ និងមិនមានអ្នកជួយទំនុកបម្រុងច្រើនដូចសាលារៀនដទៃ ព្រោះតំបន់នោះនៅគៀកនឹងព្រំប្រទល់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកគ្រូៗ និងអាណាព្យាបាលសិស្សនៅក្នុងឃុំក្រយា ស្រុកសន្ទុកនោះ បានអំពាវនាវដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល គណៈពង្រឹងមូលដ្ឋាន ក៏ដូចជាសប្បុរសជនជិតឆ្ងាយ មេត្តាជួយជ្រោមជ្រែងដល់សាលាដ៏កំសត់ដាច់ឆ្ងាយពីគេមួយនេះ ហើយគោលបំណងដំបូងនោះ គឺពួកគាត់ចង់បានអគារសិក្សាថ្មីមួយ ដើម្បីបន្តការបណ្ដុះបណ្ដាលទៅមុខទៀត ក៏ដូចជាដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយចម្បងធំៗទាំងបួនរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ ធនធានមនុស្ស ទឹក អគ្គិសនី និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ៕