(ភ្នំពេញ)៖ ស្រ្តីម្នាក់ជាម្ចាស់រថយន្តម៉ាកកូឡា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2I-0224 បានចតទុកចោលនៅដីឡូត៍ ហើយឆេះហុយផ្សែង ចេញពីរថយន្តបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ រហូតប្ដឹងភ្លាមៗទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ នៅវេលាម៉ោង២៖២០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅចំណុចដីឡូត៍គ្មានលេខ តាមផ្លូវ១០១ ស្ថិតនៅភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

ស្រ្តីជាម្ចាស់រថយន្តមានឈ្មោះ ម៉េង រិទ្ធា អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអចលទ្រព្យ ស្នាក់នៅបន្ទប់ជួលលេខ៥០៥ ក្បែរកន្លែង កើតហេតុនៅជាន់ទី៥ បានប្រាប់ថា គាត់បានចេញពីធ្វើការ រួចទុករថយន្តចោលកាលវេលាម៉ោង១០៖០០នាទីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ហើយឡើងទៅបន្ទប់ជួល។ ដោយសារថ្ងៃនេះ គាត់មិនទៅធ្វើការទេស្រាប់តែឮសូរសំលេងឡានទឹកមកបាញ់ពន្លត់រថយន្ត ហើយក៏រត់ចុះមកមើលរថយន្តរបស់គាត់ តែពេលចុះមកដល់ស្រាប់តែឃើញរថយន្តគាត់បែកកញ្ចក់ និងឆេះរាលខ្លោចមិនមិនដឹងមូលហេតុអី្វបណ្ដាល ឲ្យឆេះទេដោយគាត់ជិះមកពីធ្វើការមិនមានអីផង។

សមត្ថកិច្ចនគរបាលផ្នែកអង្គភាពបង្ការពន្លត់អគ្គិភ័យ បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីឆេះរថយន្ត កម្លាំងពន្លត់អគ្គិភ័យ បានចុះមកពន្លត់ភ្លាមៗ ហើយពេលចុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាកកូឡា ពណ៌ទឹកប្រាក់១គ្រឿងមានហុយផ្សែង និងឆេះរាលខ្មៅ ហើយដោយខ្លាចមានមនុស្សក្នុងរថយន្ត ក៏ប្រើដែកគាស់ដំបូលរថយន្ត និងយកដែកគាស់វាយបំបែកកញ្ចក់រថយន្តខាងលើចំហៀង ខាងឆ្វេង ហើយក្រោយមកក៏បានប្រើប្រាស់រថយន្តបាញ់ពន្លត់អស់ចំនួន១គ្រឿង។

ចំណែករថយន្តកូរ៉ូឡា ខូចខាតប្រហែល៤០ភាគរយ ហើយមូលហេតុបណ្ដាលឆាបឆេះនេះទុរស្សក្បាលអាគុយរថយន្ត ទើបឆេះចេញពីដំបូង មុខបន្តមកដល់តាបឡូរថយន្តខាងមុខ រួចពេលលម្លាំងសមត្ថកិច្ចយើងពន្លត់រួចរាល់ ទើបឃើញស្រ្តីជាម្ចាស់រថយន្តចុះមកដល់កន្លែងកើតហេតុ ទើបសួរនាំហើយក៏ប្រគល់រថយន្តឲ្យម្ចាស់វិញដើម្បី យកទៅជួសជុលដោយខ្លួនឯង៕