(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាមួយលោក​ ហ្សឿង ង៉ុកទិន (Doung Ngoc Tan) អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីស្តីការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

ក្នុងជំនួបនោះលោក ​ហ្សឿង ង៉ុកទិន អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំគណៈប្រ​តិ​ភូ ធ្វើទស្សនកិច្ចការងារ
នៅកម្ពុជា លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានថ្លែងកោតសរសើរ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យ​សាសនារ វាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម សម្រេចបានលទ្ធផ​ល​​ជាទីពេញចិត្ត និងសូមកោតសរសើរដល់គណៈកម្មាការទទួលបន្ទុកកិ​ច្ចការសាសនា នៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម និងក្រសួងធម្មការ និងសាសនា កម្ពុជា ដែលបានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អ ពង្រឹង ពង្រីក និងលើកកម្ព​ស់​​​សមិទ្ធិផលការងារក្នុងការគ្រប់គ្រងរដ្ឋលើវិស័យសាសនា ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

លោកស្រីឧបនាយករដ្ឋមន្ត្រី បន្ដថា ឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញកម្ពុជា ការងារគ្រ​ប់​គ្រងកិច្ចការងារសាសនា ដែលមានក្រសួងធម្មការ និងសាសនា ជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានអនុវត្តការងារដោយសហការ ជាមួយស្ថាប័ន ពាក់ព័ន្ធ ពិសេសគណៈសង្ឃទាំង០២គណៈ គឺគណៈ​មហានិកាយ និងគណៈធម្មយុត្តិកនិកាយ ក៏ដូចវិស័យពាហិសាស​នា​ផងដែរ។

លោកស្រីបានបញ្ជាក់ថា «នៅកម្ពុជាមានសុខដុមនីយកម្ម រវាងសាសនិកនៃគ្រប់សាសនា ប្រឆាំងការរើ​ស​​​អើង បែងចែកនៅក្នុងចំណោមមហាជន ដែលបណ្តាលមកពី ភាពខុ​ស​គ្នាខាងសាសនាសំដៅប្រែក្លាយសក្តានុពលរបស់សាសនាទាំងអ​ស់ ​ទៅជាកម្លាំងជំរុញការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ និងលើកម្ពស់តម្លៃសីលធម៌។ រាជរដ្ឋាភិបាលបានទប់ស្កាត់ យកសាសនាទៅធ្វើអាជីវកម្ម និងបង្កជាវិបត្តិសាសនា»

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបន្ថែមទៀតថា កម្ពុជា និងវៀតណាម មានកិច្ចសហប្រតិបត្តិការលើវិស័យសាសនារវាងកម្ពុជា-វៀតណាម ដែលមានក្រសួងធម្មការ និង សាសនាកម្ពុជាបានចុះ MOU ជាមួយគណៈកម្មាធិការ សាសនា រដ្ឋាភិបាលវៀតណាមចំនួន០២លើករួមមាន៖ លើកទី១ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ និងលើកទី២ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីកិច្ចសហប្រតិបត្តិ ការលើវិស័យសាសនា។

លោកស្រីថា លើកទី២៖ ផ្អែកលើការអនុវត្តស្មារតី MOU នេះ គណៈប្រតិភូការងារសាសនានៃប្រទេសទាំង០២ កម្ពុជា-វៀតណាម បានផ្លាស់ប្តូរទស្សនកិ​ច្ច​គ្នាទៅវិញទៅ​មកទាំងប្រតិភូកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំជា​ន់​​ខ្ពស់ធ្វើឲ្យកិច្ចសហប្រតិបត្តិការ លើវិស័យសាសនាកាន់តែពង្រឹង ពង្រីកចំណង មិត្តភាព សាមគ្គីភាព៕