(កំពង់ធំ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះលក់ម៉ូតូ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅយប់ថ្ងៃទី១៣ ខែកញ្ញានេះ បានរលត់ទៅវិញអស់ហើយ ក្នុងនោះឆេះម៉ូតូអស់ចំនួន ៤០គ្រឿង និងទ្រព្យមួយចំនួនទៀត ដែលមូលហេតុនៃអគ្គីភ័យនេះកើតឡើងដោយសារទុសេខ្សែភ្លើង។ នេះបើតាមលោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានដឹកកម្លាំងនគរបាលចុះជួយអន្តរាគមន៍នៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News។

ឧត្តមសេនីយ៍ទោ អ៊ុក កុសល បានបន្តថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យនេះ មានកម្លាំងនគរបាល ​និងកម្លាំងកងរាជអាវុធហត្ថចូលរួមចំនួន៨០នាក់ ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង អស់ទឹកចំនួន៥ជើង។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ក្រោយមានហេតុការណ៍ខាងលើនេះកើតឡើង លោកបានដឹកនាំកម្លាំងចុះទៅភ្លាមៗ ដោយបញ្ជូនរថយន្តពន្លត់ទឹក២គ្រឿង ដើម្បីបាញ់ពន្លត់ ប៉ុន្តែគួរឲ្យស្តាយដោយសារភ្លើងឆេះលឿនរហូតបំផ្លាញម៉ូតូដល់៤០គ្រឿង តែមិនបានរីករាលដាលដល់ផ្ទះក្បែរខាងនោះទេ។