(ពោធិ៍សាត់)៖ ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋ ដែលជួបបញ្ហាប្រឈមដោះស្រាយមិនបាន និងជនចាស់ជរាទីទ័លខ្លាំង នៅក្នុងក្រុងពោធិ៍សាត់ ក៏ដូចជាបណ្តាស្រុកមួយចំនួនក្នុងខេត្តពោធិ៍សាត់ តែងតែទូរស័ព្ទ និងចូលមកដល់សាលាខេត្តផ្ទាល់ ដើម្បីសុំឲ្យលោកអភិបាលខេត្តជួយអន្តរាគមន៍ ដោះស្រាយនូវទុក្ខលំបាករបស់ពួកគាត់។

ជាក់ស្តែងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ រួចមកមានប្រជាពលរដ្ឋជិត៤០០គ្រួសារ បានមកលើកដៃសំពះ ទាំងទឹកភ្នែកដើម្បីសុំឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ជួយដោះស្រាយទុក្ខលំបាកដែលនៅសេសសល់ និងខ្លះទៀតមកសុំស្បៀង។ ឃើញសភាពបែបនេះ លោកអភិបាលខេត្ត ក្នុងនាមជាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត លោកបានសម្តែងនូវទឹកចិត្តអាណិតអាសូរក្រៃលែង ក៏បានចូលរួមដោះស្រាយឲ្យដូចជាគ្រួសារតែមួយ និងបានជូនស្បៀងសម្រាប់ដោះស្រាយជាបឋម ទៅដល់ពួកគាត់ទៅតាមលទ្ធភាពជាក់ស្តែង។

លោក ម៉ៅ ធនិន បានថ្លែងថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមឳពុកម្តាយគេ បើប្រជាពលរដ្ឋមានទុក្ខលំបាក ដោះស្រាយមិនមានហើយរត់មក ពឹងពាក់ ហើយលោកមិនដែលធ្វើព្រងើយនោះទេ បើទោះបីដំណោះស្រាយទាំងនោះ វាមិនពេញតម្រូវការទាំងស្រុងក្តី តែជាការចូលរួមចំណែក និងចែករំលែកនូវក្តីស្រឡាញ់ដែលធ្លាប់រួមសុខរួមទុក្ខ ជាមួយនឹងគ្នាជារៀងរហូតមក។

លោក ម៉ៅ ធនិន បានបន្តថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា
បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព មានសណ្តាប់ធ្នាប់សាធារណៈ និងបន្តអភិវឌ្ឍប្រទេសតាំងពីបាទដៃទទេ ររហូតឲ្យមានការរីក ចម្រើនលើគ្រប់វិស័យ ហើយធ្វើឲ្យប្រជាពលរដ្ឋរស់នៅជុំក្រុមគ្រួសារសាច់ញាតិ នាំឲ្យប្រជាជនមានជីវភាពធូធារ ស្ទើរគ្រប់ក្រុមគ្រួសារមានស្នាមញញឹម គ្រប់ទីកន្លែង និងពេញចិត្តគ្រប់ៗគ្នាទូទាំងប្រទេសផងដែរ។

លោក ម៉ៅ ធនិន បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត លោកបានចាត់ឲ្យមន្រ្តីជំនាញក្រោមឱវាទ ខិតខំប្រឹងប្រែងចុះជួយដោះស្រាយគ្រប់ ទីកន្លែងក្នុងខេត្តពីការលំបាករបស់ប្រជាពលរដ្ឋលើគ្រប់វិស័យ និងបន្តបម្រើប្រជាពលរដ្ឋឈានទៅរកការរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងការលំបាកគ្រប់បែបយ៉ាង​ឲ្យកាន់តែស្រួលជាងមុន និងទៅអនាគត។

ប្រជាពលរដ្ឋនៅទីនោះ បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណជូនចំពោះលោកអភិបាលខេត្ត ដែលពួកគាត់មានឳពុកម្តាយ ប្រកបដោយព្រហ្មវិហារធម៌ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា ព្រមទាំងបានសន្យាថានឹងបន្តគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត៕