(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ម៉ម ហ៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើយ៉ាងទទូចដល់មន្រ្តីសុខាភិបាលនៅទូទាំងប្រទេស ត្រូវកែលម្អកាយវិការ អាកប្បកិរិយាឆ្គាំឆ្គងទាំងឡាយណា ដែលនាំឲ្យថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងត្រូវសាមគ្គីគ្នាបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យបានដិតដល់ និងទាន់ពេលវេលា ហើយបើមន្រ្តីសុខាភិបាលណាធ្វើខុសនឹងក្រមសីលធម៌វិជ្ជាជីវៈ នឹងត្រូវមានវិធានការរដ្ឋបាល ឬអាចចាត់ការតាមច្បាប់។

លោករដ្ឋមន្រ្តីស្នើ និងព្រមានយ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពសុខាភិបាល ប្រចាំឆមាសទី១ ឆ្នាំ២០១៧ នាថ្ងៃទី២៥​ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសុខាភិបាល។

លោកបានកោតសរសើរពីវឌ្ឍនភាពការងារបម្រើសេវាសុខាភិបាលដល់ប្រជាពលរដ្ឋ នៅតាមរាជធានី-ខេត្តនានា ដែលនាំឲ្យថ្នាក់ដឹកនាំ អាជ្ញាធរដែនដី កម្មករនិយោជិត ពិសេសប្រជាពលរដ្ឋមានការពេញចិត្តគួរកត់សម្គាល់ និងបានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងនោះ ត្រូវខិតខំប្រឹងប្រែងធ្វើកិច្ចការនេះឲ្យបានល្អប្រសើរជាបន្តទៀត។

លោក ម៉ម ប៊ុនហេង ថ្លែងយ៉ាងដូច្នេះថា «មន្រ្តីយើងត្រូវជៀសវាងការខ្វះការទទួលខុសត្រូវ ខ្វះការប្រុងប្រយ័ត្ន សូមជៀងវាងឲ្យបាន ត្រូវខិតខំធ្វើឲ្យបាន ដើម្បីទទួលបានកិត្តិយសកេរ្តិ៍ឈ្មោះកាន់តែល្អ»

ក្នុងនាមជារដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានហាមដាច់ខាតមិនឲ្យមន្រ្តី ឬបគ្គលិកសុខាភិបាលណាម្នាក់ យកកម្រៃសេវាខុសពីបទបញ្ជាពីប្រជាពលរដ្ឋឡើយ ព្រោះបញ្ហានេះ ជាមូលហេតុចម្បងមួយដេលធ្វើឲ្យប្រជពលរដ្ឋមានការថ្នាំងថ្នាក់ និងរិះគន់ដល់វិស័យសុខាភិបាលនៅកម្ពុជា៕