(កំពង់ស្ពឺ)៖ បន្ទាប់ពីមហាជនលើកឡើងពីបញ្ហាបរិស្ថាន និងបញ្ហាសុវត្ថិភាព នៅរមណីយដ្ឋានទេសចរណ៍ភ្នំជ្រាវ ជាហូរហែរួចមក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមមន្ត្រីជំនាញចុះត្រួតពិនិត្យ និងចាត់ចែងដោះស្រាយបញ្ហាទាំងនោះជាបន្ទាន់ ដើម្បីសម្រេចតាមសំណូមពររបស់ប្រជាពលរដ្ឋ និងបង្កើនភាពទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

តំបន់ទេសចរណ៍ភ្នំ​ជ្រាវ ឬហៅតាមអ្នកស្រុកថា «​បារាំង​ដោត​ទង់» ​មាន​ទឹកធ្លាក់៧​ជាន់​ខួប​ប្រាំងខួបវស្សា​ រចនាសោភ័ណដោយព្រៃ​ព្រឹក្សាពណ៌​បៃតងខ្ចី រណ្ដំដោយសូរសំឡេងបក្សាបក្សីខ្ញៀវខ្ញារ មានទីតាំង​ស្ថិត​នៅ​ភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ។ ប៉ុន្តែបើទោះបីមានទឹកធ្លាក់ច្រើនជាន់ល្អស្អាតយ៉ាងនេះក្ដី ក៏តំបន់ទេសចរណ៍ធម្មជាតិមួយនេះ ត្រូវបានបំផ្លាញសោភ័ណភាពនៅកន្លែងមួយចំនួន ដោយសារសកម្មភាពភ្ញៀវទេសចរ និងអាជីវករលក់ដូរនៅទីនោះជាដើម។ ដូច្នេះហើយ ទើបមានការរិះគន់ពីសំណាក់មហាជន ហើយក៏បានជ្រាបដល់លោកអភិបាលខេត្ត វ៉ី សំណាង និងបានចុះចាត់វិធានការភ្លាមៗតែម្ដង។

នៅក្នុងដំណើរចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំងខាងលើរួចមក លោក វ៉ី សំណាង បានណែនាំដល់មន្ទីរបរិស្ថាន ត្រូវរៀបចំកន្លែងទុកដាក់សំរាមឲ្យមានរបៀបរៀបរយត្រឹមត្រូវ រួមទាំងចាត់ចែងធ្វើទីតាំង ឬរណ្តៅសំរាមឲ្យបានសមស្រម ការពារផលប៉ះពាល់សុខភាពដល់ភ្ញៀវទេសចរ និងសុខភាពប្រជាសហគមន៍ផងដែរ។

លោកក៏បានណែនាំឲ្យមន្ត្រីរៀបចំការលក់ដូររបស់ប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវបំផុត ជៀសវាងធ្វើឲ្យបាត់បង់សោភ័ណភាព ក្នុងរមណីយដ្ឋាន និងមិនត្រូវអនុញ្ញាតឲ្យលក់ដូរនៅគៀកនឹងប្រភពទឹកពេកទេ ព្រោះប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា នៅផ្នែកខាងស្តាំដៃនៃជ្រុងខាងជើងផ្លូវទៅរមណីយដ្ឋាន គឺត្រូវតែរៀបចំធ្វើបង្កាន់ដៃសម្រាប់ភ្ញៀវឈរមើលទេសភាព តែកុំអនុញ្ញាតឲ្យប្រជាពលរដ្ឋធ្វើការលក់ដូរនៅទីនោះឡើយ។

ចំពោះអាស្រមព្រះសង្ឃដែលស្ថិតនៅក្បែរតំបន់កម្សាន្ត លោកអភិបាលបានស្នើថា មិនចាំបាច់រុះរើចេញទេ ប៉ុន្តែត្រូវធ្វើកន្លែងបិទបាំង ពីព្រោះជាកន្លែងភ្ញៀវចុះមុជទឹក រួមទាំជាកន្លែងផ្លាស់សម្លៀកបំពាក់ផង ដែលអាចប៉ះពាល់ដល់ព្រះសង្ឃដែលគង់នៅ ឬជាការរំខានដល់ផ្នែកសាសនាផងដែរ។

បញ្ហាសំខាន់មួយទៀត ត្រូវតែជ្រើសរើសទីតាំងទុកចតយានជំនិះគ្រប់ប្រភេទឲ្យបានល្អ និងទូលាយ ជៀសវាងច្រកតូចចង្អៀតទើសទែង ក្នុងការបត់បែនថយចុះឡើង ម្យ៉ាងត្រូវចាត់ចែងបង្កើតទីតាំងបណ្តុះកូនឈើសួនច្បារផ្កាចម្រុះពណ៌ ព្រោះជាការរួមចំណែកទាក់ទាញភ្ញៀវទេសចរបន្ថែមពីលើប្រភពទឹកធ្លាក់នេះផងដែរ៕