(ស្ទឹងត្រែង)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្តែងការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះ ឯកអគ្គរដ្ឋទូតនៅអឺរ៉ុប ព្រោះតែចង់ផ្អាកដំណើរការគម្រោង វារីអគ្គិសនីសេសានក្រោម២ បែរជាលើកហេតុផលមួយមិនសមរម្យ។ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបថា ព្រោះតែចង់ផ្អាកដំណើរការគម្រោង វារីអគ្គិសនី សេសានក្រោម២ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រាប់សម្តេចគម្រោងវារីអគ្គិសនីនេះ ប៉ះពាល់ត្រីប្រមាណ៧០ភាគរយ។

សម្តេចតេជោ ហ៊ុន សែន បានស្តីឲ្យឯកអគ្គរដ្ឋទូតថា បើមិនដឹងច្បាស់ពីកម្ពុជា កុំមកនិយាយពីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះ ឯកអគ្គរដ្ឋទូតនោះទេ តែបានបង្ហើបថា ឯកអគ្គរដ្ឋទូតនោះតំណាងឲ្យប្រទេសជាច្រើន។

ការថ្លែងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីបិទទ្វារទឹកទំនប់ វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង រៀបចំធ្វើនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «មានរឿងមួយខ្ញុំគួរតែនិយាយ ហើយការនិយាយនេះមិនមែនបន្ទោសបង្អាប់ផ្លែផ្កាឲ្យអ្នកណាទេ ក៏ប៉ុន្តែ ប្រហែលជា៥ឆ្នាំមុន មានអគ្គរដ្ឋទូត១ បានទៅជួបជាមួយខ្ញុំ រឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលអ្នកការទូតនោះ មកនិយាយជាមួយយើងគិតទៅរួច គាត់ថា វារីអគ្គិសនីសេសាន ធ្វើឲ្យប៉ះពាល់ដល់ត្រី៧០ភាគរយ គាត់និយាយអស់ហើយបានខ្ញុំសួរថា វាគួរឲ្យភ្ញាក់ផ្អើលពីព្រោះត្រីនៅប្រទេសរបស់យើង ចេះឡើងដើមឈើ ហើយចេះឡើងភ្នំ បើត្រីប្រទេសយើងខ្ញុំស្លាប់ចឹង ពីព្រោះត្រីរបស់ខ្ញុំវានៅបឹងទន្លេសាប វានៅទន្លេមេគង្គ បើឯកឧត្តម មិនស្គាល់កម្ពុជាផង មកនិយាយជាមួយខ្ញុំ មិនខ្មាសខ្ញុំទេអី»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំបន្ថែមទៀត ដើម្បីការពារកុំឲ្យមាន ផលប៉ះពាល់ ទោះបើមានក៏ស្ថិតនៅក្នុងកម្រិតមួយ ដែលមានតិចតួចបំផុត។

អ្នកវិភាគ ចៅចាក់ស្មុក បានលើកឡើងថា បើទោះបីជាសម្តេចតេជោ ហ៊ុន សែន មិនបានថ្លែងចំឈ្មោះក៏ដោយ ក៏គេអាចដឹងថានោះជាឯកអគ្គរដ្ឋទូតនៅអឺរ៉ុប ដែលភាគច្រើនស្ថិតនៅពីក្រោយខ្នងគណបក្សប្រឆាំងនៅកម្ពុជា។

គួរបញ្ជាក់ថា គម្រាងវារីអគ្គិសនីសេសានក្រោម២នេះ មានអានុភាព៤០០មេហ្គាវ៉ាត់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រុមហ៊ុន Hydro Power Se San 2 Co,.Ltd ធ្វើការវិនិយោគ និងសាងសង់ ដែលមានក្រុមហ៊ុនរួមទុន ចំនួន៣មាន៖ ១៖ ក្រុមហ៊ុន Hydrolancang International Energy នៃប្រទេសចិន ៥១ភាគរយ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន China Huaneng Group. ២៖ ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ៣៩ភាគរយ និង ៣៖ ក្រុមហ៊ុន EVN International នៃប្រទេសវៀតណាម មាន១០ភាគរយ៕