(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងៗចំពោះក្រុមអ្នកវិភាគមួយចំនួន ដែលបានវិភាគពីកិច្ចការជានាយករដ្ឋមន្រ្តី ដោយគ្មានមូលដ្ឋានច្បាស់លាស់។ ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកវិភាគទាំងឡាយមើលរដ្ឋធម្មនុញ្ញឲ្យបានច្បាស់លាស់មុននឹងវិភាគ។

ថ្លែងបញ្ជាក់ពីកម្មវិធីបិទទ្វារទឹកទំនប់ វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលមិញ គឺជាថ្ងៃប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថា អ្នកវិភាគទាំងឡាយ គួរតែសិក្សាអំពីរដ្ឋធម្មនុញ្ញាឲ្យបានច្បាស់បន្តិច មានអ្នកខ្លះសូម្បីតែខ្ញុំប្រតិកម្មជាមួយស្ថានទូតបរទេស១ដែលមើលងាយកម្ពុជា ក៏គេស្នើថា យើងមិនទាន់ប្រជុំសភាផង ទៅនិយាយ ឪ! អ្នកវិភាគ ហើយជាបណ្ឌិតទៀត ខ្លួនឯងធ្វើជាអ្នកវិភាគ ធ្វើជាអ្នកច្បាប់ ប៉ុន្តែហ៊ានបកស្រាយរដ្ឋធម្មនុញ្ញា ដែលជាសិទ្ធផ្តាច់មុខ ក្រុមប្រឹក្សាធម្មនុញ្ញា ចឹងខ្លួនឯងជាអ្វីទៅ ខ្លួនឯងកំពុងតែធ្វើខុស តែខ្លួនឯងចាត់ទុកថា ជាអ្នកត្រឹមត្រូវ ការបកស្រាយរដ្ឋធម្មនុញ្ញា គឺជាសិទ្ធផ្តាច់មុខរបស់ក្រុមប្រឹក្សាធម្មនុញ្ញា មិនមែន សិទ្ធរបស់អ្នកវិភាគនោះទេ ក៏ប៉ុន្តែអ្នកវិភាគបែរជាគិតថា នៅពេលខ្ញុំឆ្លើយតបជាមួយស្ថានទូតបរទេស ដែលជ្រៀសជ្រែកកិច្ចការផ្ទៃក្នុង ប្រទេសរបស់យើង»។

ឆ្លើយតបទៅនឹងការវិភាគមួយចំនួនដែលរិះគន់រឿងចាត់ចែងការងារជានាយករដ្ឋមន្រ្តីរបស់សម្តេចនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកវិភាគជាបណ្ឌិតមួយចំនួន ត្រូវស្គាល់ឲ្យច្បាស់ពីតួនាទីរបស់នាយករដ្ឋមន្រ្តី អ្នកវិភាគទាំងនោះ សមត្ថភាពមិនដល់កូនៗរបស់សម្តេចនោះទេ កុំចង់មកប្រដៅសម្តេច។ សម្តេចថា មិនបាច់ប្រដៅ សម្តេចនោះទេ ប្រកួតសមត្ថភាពជាមួយកូនៗសម្តេចឲ្យតែបានទៅបានហើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើអ្នកវិភាគទាំងនោះទៅមើលរដ្ឋធម្មនុញ្ញឡើងវិញ តើនាយករដ្ឋមន្រ្តីធ្វើអ្វីបានខ្លះ មិនមែនគ្រាន់តែការប្រតិកម្មជាមួយឯកអគ្គរដ្ឋទូតមួយ ក៏ត្រូវទៅសុំច្បាប់ពីរដ្ឋសភាដែរនោះទេ។ សម្តេចនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាលំបាកណាស់ ប្រសិនបើអ្នកកាច់ចង្កូតប្រទេសធ្វើខុសតែបន្តិ​ច អ្វីៗនឹងត្រូវរលាយ។ នេះបើតាមប្រសាសន៍ដ៏មុតស្រួចរបស់ប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន៕