(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុគ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ Fresh News យ៉ាងច្បាស់នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧នេះថា សមត្ថកិច្ចនិងអគ្គនាយកដ្ឋានពន្ធនាគារ ក្រោមចំណុះក្រសួងមហាផ្ទៃ បានសម្រេចមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកកាន់សាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះលើសំណុំរឿងស្នើសុំនៅក្រៅឃុំ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះឡើយ ដោយសារតែមានព្រួយបារម្ភពីសុវត្ថិភាព​ជនជាប់ចោទ ខណៈដែលសវនាការនឹងនៅតែបន្តធ្វើឡើងជាធម្មតា នៅថ្ងៃស្អែក។

លោក ខៀវ សុភ័គ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធនាគារ បានទទួលលិខិតពីសាលាឧទ្ធរណ៍រួចហើយដោយបញ្ជាក់ថា វត្តមាន ឬអវត្តមាន លោក កឹម សុខា នៅក្នុងសវនាការមុនអង្គសេចក្តី ពោលគឺសវនាការជនុំជម្រះករណីស្នើសុំនៅក្រៅឃុំរបស់លោក កឹម សុខា នៅថ្ងៃស្អែកនេះ មិនសំខាន់នោះទេ ហើយក៏មិនខុសនីតិវិធីដែរ ដោយសារតែមិនមែនជាសំណុំរឿងអង្គសេចក្តី (សំណុំរឿងក្បត់ជាតិ) ដូច្នេះក្រសួងមហាផ្ទៃ សម្រេចមិនបញ្ជូនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ មករាជធានីភ្នំពេញទេ ដោយសារតែគិតអំពីបញ្ហាសុវត្ថិភាព។

លោកថ្លែងថា ការសម្រេចមិនបញ្ជូនលោក កឹម សុខានេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនិងក្រសួងមហាផ្ទៃពិនិត្យឃើញថា មានក្រុមមួយចំនួនគ្រោងលើកគ្នា ទៅកាន់សាលាឧទ្ធរណ៍ នៅថ្ងៃសវនាការរ​បស់ លោក កឹម សុខា ស្អែកនេះ ហើយសមត្ថកិច្ចខ្លាចមានជនបាតដៃទី៣ នៅក្នុងចំណោមនោះ ដោយសារតែ សំណុំរឿង លោក កឹម សុខា មានការពាក់ព័ន្ធនឹងជនផ្សេងៗទៀត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ឆ្នាំ២០១៧ ស្អែកនេះ សាលាឧទ្ធរណ៍នឹងជំនុំជម្រះ ដើម្បីសម្រេចអំពីរឿងនៅក្រៅឃុំរបស់ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បដិសេធដោយមិនអនុញ្ញាតឱ្យលោក កឹម សុខា នៅក្រៅឃុំបណ្តោះអាសន្ន កាលពីពេលថ្មីៗនេះ។

ដោយឡែក នៅព្រឹកមិញនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ក៏បានប្រកាសថា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នឹងលើកគ្នា ទៅកាន់សាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីឃ្លាំមើល និងស្តាប់សវនាការលោក កឹម សុខា ខណៈដែលសវនាការនេះ នឹងធ្វើឡើងជាអសាធារណៈ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្ទះរបស់​លោកស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយពីបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានអនុវត្ត តាមការបញ្ជារបស់សហរដ្ឋអាមេរិក ដើម្បីដណ្តើមអំណាចពី រាជរដ្ឋាភិបាលច្បាប់កម្ពុជា ដែលកើតចេញពីការបោះឆ្នោត។

លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ការ ដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ៕