(ភ្នំពេញ)៖ រឿងរ៉ាវវិដេអូឃ្លីបទី១ដែល កឹម សុខា សារភាពថាបានឃុបឃិតរៀបចំផែនការសម្ងាត់ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាមិនទាន់នឹងចប់ផង វិដេអូឃ្លីបខ្លីមួយទៀតដែលបង្ហាញថា មានបរទេសបានជួយរៀបចំគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សសង្គ្រោះជាតិ ត្រូវបានបង្ហោះ តាមបណ្តាញហ្វេសប៊ុក ដែលកាន់តែដាក់បន្ទុកបន្ថែមទៀតទៅលើជនសង្ស័យ កឹម សុខា ដែលកំពុងតែជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស។

នៅក្នុងវិដេអូឃ្លីបថ្មី កឹម សុខា បានថ្លែងចំពោះមុខអ្នកគាំទ្រខ្លួននៅប្រទេសអូស្ត្រាលីថា៖ «ឥឡូវនេះមានប្រទេសមហាអំណាចមួយខាងលទ្ធិប្រជាធិបតេយ្យ កំពុងជួយគណបក្សសង្គ្រោះជាតិរៀបចំគោលនយោបាយ និងកម្មវិធីនយោបាយគណបក្សដើម្បីទៅដឹកនាំប្រទេស»។ តើបរទេសទាំងនោះបានជួយអ្វីខ្លះដល់កឹម សុខា ? យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ តើ កឹម សុខា និងគណបក្សសង្គ្រោះជាតិប្រឈមមុខនឹងអ្វីខ្លះ?

ទី១៖ តាមរយៈការបែកធ្លាយឯកសារសម្ងាត់់ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI អង្គការ CANVAS រួមនឹងមូលនិធិរបស់អាមេរិក មួយចំនួនបានជួយទាំងហិរញ្ញវត្ថុ និងសម្ភារបច្ចេកទេសដល់គណបក្សសង្គ្រោះជាតិ។ អង្គការ NDI បានជួយបក្សប្រឆាំងរៀនចំផែនការយុទ្ធសាស្ត្រដើម្បីផ្តួល រដ្ឋាភិបាលស្របច្បាប់ ដោយអនុវត្តតាមផែនការសម្ងាត់ដែល កឹម សុខា និងអាមេរិកបាមឯមភាពគ្នាតាំងពីឆ្នាំ១៩៩៣តរៀងមក។ អង្គការ និងមូលនិធិរួមនឹងប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួនមានវិទ្យុអាស៊ីសេរី និងកាសែត ឌឹ ខេមបូឌា ដេលីទាំងនេះបានរៀបចំផែនការយ៉ាងប្រទាក់ក្រឡាគ្នា ដើម្បីជួយបក្សប្រឆាំងដើម្បីផ្តួល រំលំរដ្ឋាភិបាលស្របច្បាប់។ ពួកគេថែមទាំងបំពេញការងារនៅកម្ពុជា ដោយមិនបានគោរពច្បាប់កម្ពុជាថែមទៀតផង។

ដោយសារតែមានជំនួយ និងការបង្គាប់បញ្ជារបស់បរទេសដូច្នេះហើយបានជា កឹម សុខា ក៏ដូចជាបក្សសង្គ្រោះជាតិបង្ហាញឥរិយាបថក្រអឺតក្រទម មិនកោតខ្លាចច្បាប់។ ប៉ុន្តែដោយសារតែទង្វើមិនស្មោះត្រង់របស់ខ្លួនចំពោះជាតិខ្មែរ បារមីនៃព្រះរាជាណាចក្រកម្ពុជា បានបណ្តេញក្រុមទុច្ចរិត និងក្រុមចោរទាំងនេះចេញពីលើទឹកដីកម្ពុជា ឱ្យរត់ខ្ចាតខ្ចាយគ្មានសល់ឡើយ ចំណែកឯមេក្លោងនៃបដិវត្តន៍ពណ៌ និងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ក៏ត្រូវបានចាប់ខ្លួន និងរងការចោទប្រកាន់ពីបទក្បត់ជាតិ។

ទី២៖ ការពឹងពាក់បរទេសឱ្យជួយបក្សខ្លួនដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយមិនបានគិតពីផលវិបាកអាក្រក់កើតឡើង បំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ និងប្រជាជនកម្ពុជា គឺគណបក្សសង្គ្រោះជាតិបាននិងកំពុងតែអនុវត្ត នយោបាយបំផ្លាញខ្មែរទាំងស្រុង។ អ្វីដែល កឹម សុខា និងមន្ត្រីផ្សេងទៀតនៃគណបក្សសង្គ្រោះជាតិ កំពុងតែពឹងពាក់បរទេសយកបរទេសមកធ្វើជានគរបាល គឺមិនខុសពីយកអធិបតេយ្យជាតិទៅដាក់ក្រោមបាតជើងជនបរទេស ដូច្នេះដែរនិងបង្កឱ្យបរទេសមាក់ងាយជាតិ និងប្រជាជនកម្ពុជា។ នេះមិនគិតពីការអនុវត្តនយោបាយបំបែកឆ្នាំងបាយប្រជាជនតាមរយៈការអំពាវនាវកុំឱ្យអន្តរជាតិផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញផលិតផលពីកម្ពុជា។ តើពលរដ្ឋកម្ពុជាគួរបន្តលើកលែងដល់ជនក្បត់ជាតិ និងអ្នកដែលមាន ចេតនាបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាដែលរកបាន ដោយពិបាកនេះទៀតទេ? ពួកគេតែងតែជ្រកក្រោមស្លាកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពដើម្បីបំផ្លាញខ្មែរ និងប្រព្រឹត្តទង្វើខុសច្បាប់ ហើយតាំងខ្លួនជាជនរងគ្រោះនិយម។

ទី៣៖ អ្វីដែល កឹម សុខា ថ្លែងពិតជាខុសច្បាប់។ មាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវស្ថិតនៅក្រោមចំណុះ ឬការបង្គាប់ បញ្ជារបស់គណបក្សនយោបាយបរទេស ឬរដ្ឋាភិបាលបរទេស។ គណបក្សសង្គ្រោះជាតិ តាមរយៈប្រធានរបស់ខ្លួន កឹម សុខា បានថ្លែងជាសាធារណៈបង្ហាញពីផែនការ ដែលខ្លួនបានត្រូវរ៉ូវគ្នាឃុបឃិតជាមួយបរទេសចាប់តាំងពីឆ្នាំ១៩៩៣ មកដើម្បីផ្តួលរំលំរាជរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

នេះគឺជាទង្វើខុសច្បាប់មួយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយឥឡូវនេះលេចចេញភស្តុតាងថ្មីមួយទៀតដែល គណបក្សសង្គ្រោះជាតិ មានបរទេសជួយរៀបចំគោលនយោបាយដែលផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយ។

មាត្រា៦ ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា គ្រប់គណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពណាមួយ ទី១-ធ្វើអបគមន៍ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពទឹកដី។ ទី២-ធ្វើវទ្ធង្សនាប្រឆាំងនឹងរបបបនរជាធិបតេយ្យសេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ទី៣-ការធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខនៃរដ្ឋ។ ទី៤-ការបង្កើតកងកម្លាំងប្រដាប់អាវុធ។ ទី៥-ការញុះញង់ដែល នាំឱ្យមានការបែកបាក់ជាតិ។ ចំណែកមាត្រា៤៤ថ្មី ចែងថា ដោយមិនគិតពីទោស ព្រហ្មទណ្ឌផ្សេងៗ គណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ៦ថ្មី និងមាត្រា៧ នៃច្បាប់នេះ តុលាការអាចសម្រេចដូចខាងក្រោម៖ «ផ្អាកសកម្មភាព គណបក្សនយោបាយនោះ ក្នុងរយៈពេលមិនលើសពី៥ឆ្នាំ និងរំលាយគណបក្សនយោបាយនោះ»។

ដូច្នេះពេលនេះ កឹម សុខា ពិតជាបាននិងកំពុងនាំគ្រោះធំដល់បក្សសង្គ្រោះជាតិ ហើយបក្សនេះក៏កំពុងបែកបាក់ផ្ទៃក្នុង និងបាត់ម្ចាស់ការដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ បើគ្រាន់តែដឹកនាំបក្សមួយមិនទាំងបានផង តើមានសមត្ថភាពឯណាមកដឹកនាំប្រទេសជាតិ និងប្រជាជនបាន។ កឹម សុខា ដែលពោរពេញដោយអំនួតក្រអឺតក្រទមដោយសារតែអាមេរិកជួយនេះ ទីបំផុតរងទុក្ខធំដោយសារតែមាត់អត់គម្របរបស់ខ្លួន។ ប៉ុន្តែគួរសរសើរ កឹម សុខា ដែលចេះ បង្ហាញផែនការសម្ងាត់ជាសាធារណៈ ចេះសម្រាតខោអាវអាមេរិកមុខគេមុខឯង ឱ្យគេដឹងថានរណាជាអាមេរិកពិតប្រាកដ ហើយកឹម សុខា បានក្បត់កម្ពុជា៕

ដោយ៖ ចៅចាក់ស្មុក