(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រហូតមកដល់ពេលនេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានប្រកាសលុបចោល និងដកហូតឯកសារមិនប្រក្រតី ដែលជនបរទេសមានរហូតទៅដល់ជាង៧ម៉ឺននាក់ កំពុងរស់នៅកម្ពុជាបានកាន់កាប់ដោយខុសច្បាប់។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ឯកសារមិនប្រក្រតីទាំងនោះ ដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនជាដើម។

នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ​ដឹកនាំប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ស្ដីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់។

ក្រោយបញ្ចប់កិច្ចប្រជុំ នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានយ៉ាងដូច្នេះថា «អ្នកដែលកាន់កាប់ឯកសារមិនប្រក្រតី រហូតមកដល់បច្ចុប្បន្ននេះជាង៧ម៉ឺននាក់ អញ្ចឹងយើងប្រកាសបដិសេធឯកសារទាំងអស់នោះ មាន៦មុខដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនជាដើម ដោយធ្វើការដកហូតពីពួកគាត់ ដោយឯកសារទាំងអស់នេះពុំមានប្រសិទ្ធិភាពក្នុងការប្រើប្រាស់តទៅទៀតទេ»។

បើតាមនាយឧត្តមសេនីយ៍ សុខ ផល បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចប្រកាសដកហូតចោលឯកសារទាំងអស់នេះ គឺជនបរទេសទាំងនោះ នឹងឲ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួន ហើយបើអ្នកស្នាក់នៅយូរអាចឲ្យដាក់ពាក្យ សុំក្លាយជាជនអន្ដោប្រវេសន៍ស្របច្បាប់។

នាយឧត្តមសេនីយ៍បានបន្ដទៀតថា រហូតមកដល់បច្ចុប្បន្ននេះជនបរទេស ជាង១៩,០០០នាក់ហើយ ដែលអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅប្រទេសរបស់គេវិញ។

ក្រោយផ្សព្វផ្សាយអនុក្រឹត្យស្ដីពីលុបចោល និងដកហូតឯកសារមិនប្រក្រតីពីជនបរទេសនៅថ្ងៃនេះរួចមក សមត្ថកិច្ច នឹងចុះទៅអនុវត្តន៍ត្រួតពិនិត្យលើករណីទាំងនេះ នៅតាមរាជធានី-ខេត្ត ដែលអាចធ្វើឡើងនៅខែនេះ ឬខែក្រោយតែម្ដង។ នេះបើតាមការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ សុខ ផល៕