(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បានព្រមានថា រាជរដ្ឋាភិបាលកម្ពុជា នឹងអាច មានលទ្ធភាពស្នើឱ្យរដ្ឋាភិបាលអាមេរិក ចាប់ប្រគល់ខ្លួនលោកស្រី មូរ សុខហួរ ត្រឡប់មកវិញ បើសិនជាលោកស្រីប្រកាន់ថា ខ្លួនជាប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយខ្មែរពិតប្រាកដនោះ។
លោក ផៃ ស៊ីផាន បានចាត់ទុកថា លោកស្រី មូរ សុខហួរ ដឹងខ្លួនច្បាស់ណាស់ចំពោះសកម្មភាពពាក់ព័ន្ធរបស់លោកស្រី ទៅនឹងអំពើក្បត់ជាតិរបស់ លោក កឹម សុខា គឺជាការក្បត់ជាតិជាប្រព័ន្ធក្នុងកិច្ចរកគ្រប់មធ្យោបាយផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទើបធ្វើការចាកចេញពីប្រទេសកម្ពុជា។
លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ចំពោះការចាកចេញរបស់លោកជំទាវ មួរ សុខហួរ គឺជាជម្រើសរបស់គាត់ ដែលមិនពាក់ព័ន្ធនឹងការដាក់សម្ពាធរបស់រាជរដ្ឋាភិបាលនោះទេ នេះជាការសម្រេចចិត្តផ្ទាល់របស់លោកជំទាវ ដែលលោកមានអារម្មណ៍ ប្រាកដច្បាស់ណាស់ ចំពោះសកម្មភាពពាក់ព័ន្ធរបស់ លោកជំទាវ ទៅនឹងអំពើក្បត់ជាតិនេះ គឺជាការក្បត់ជាតិ ជាប្រព័ន្ធក្នុងកិច្ចរកគ្រប់មធ្យោបាយ ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់។ ក៏ប៉ុន្តែលោកជំទាវតំណាងរាស្ត្ររូបនេះ ប្រសិនបើប្រកាន់ថា ខ្លួនជាប្រជាពលរដ្ឋខ្មែរ និង អ្នកនយោបាយខ្មែរពិតប្រាកដនោះ (ដូចដែល បានប្រកាស ប្រាប់ស្ថាប័នសាមី ដោយស្ម័គ្រថា លោកជំទាវជាជនជាតិខ្មែរ) រដ្ឋាភិបាលនឹងអាចមានលទ្ធភាព ស្នើឱ្យរដ្ឋាភិបាលអាមេរិក ចាប់ប្រគល់ខ្លួនមកវិញដូចអនុស្សារណៈយោគយល់គ្នារវាងកម្ពុជា និង សហរដ្ឋអាមេរិក ក្នុងការបញ្ចូនអ្នកទោសត្រលប់មកកម្ពុជា ដែលជាហេតុផល នៃបដិការតែប៉ុណ្ណោះ»។
សូមបញ្ជាក់ថា លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ បានចាកចេញពីប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធអំពើក្បត់ជាតិមិនបញ្ចប់ត្រឹមចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិនោះឡើយ។
ពាក់ព័ន្ធនឹងរឿងនេះ ថ្នាក់ដឹកនាំសំខាន់ៗ ដែលក្នុងនោះមានអនុប្រធានទាំង៣នាក់របស់គណបក្សសង្រ្គោះជាតិ និងតំណាងរាស្រ្តគណបក្សនេះ ជិតកណ្តាល ក៏បានចាកចេញពីកម្ពុជាជាបន្តបន្ទាប់ផងដែរ។នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍៕